ព័ត៌មានជាតិ

RANGE ROVER បុកផ្ទុបរថយន្តឡិចស៊ីស ខ្ទាតកង់រថយន្តទៅប៉ះម៉ូតូមួយគ្រឿងទៀតកំពុងជិះលោះព្រលឹង!

ភ្នំពេញៈ រថយន្តម៉ាក RANGE ROVER មួយគ្រឿងបើកក្នុងល្បឿនលឿន រេចង្កូតទៅបុករថយន្តឡិចស៊ីស RX330 ពេញទំហឹងចំកង់ក្រោយ បណ្ដាលឲ្យដាច់កង់ចេញពីរថយន្តខ្ទៀតទៅប៉ះជាមួយម៉ូតូ១គ្រឿងទៀតកំពុងធ្វើដំណើរ បណ្ដាលឲ្យរងការខូចខាត សំណាងល្អណាស់ ដែលគ្មាននរណាម្នាក់រងរបួស។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១ និង៣០នាទី យប់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧ តាមបណ្ដោយផ្លូវ៦៣ កែងនិងផ្លូវលេខ៣២២ ស្ថិតក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

យោងតាមសាក្សីដែលឃើញហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើបានប្រាប់ឲ្យដឹងថា ដំបូងគេឃើញរថយន្តឡិចស៊ីស RX330 ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ2S-7807 បានធ្វើដំណើតាមបណ្ដោយផ្លូវ៦៣ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿមល្មម ខណៈមកដល់ផ្លូវកែង៣២២ ក៏ត្រូវបានរថយន្តបង្កម៉ាក RANGE ROVER ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2Y-9299 បានធ្វើដំណើទិសដៅបញ្ច្រាសគ្នា ក្នុងល្បឿនយ៉ាងលឿន និងរេចង្កូតពេញផ្លូវជ្រុលទៅបុកកង់ក្រោយរថយន្តឡិចស៊ីសពីចំហៀង បណ្ដាលឲ្យដាច់កង់ចេញពីរថយន្ត ហើយកង់ខ្ទៀតទៅប៉ះម៉ូតូ១គ្រឿងម៉ាកវីវ៉ា ពណ៌ខ្មៅ គ្មានស្លាកលេខ ដែលកំពុងធ្វើដំណើនៅតាមបណ្ដោយផ្លូវកើតហេតុខាងលើ បណ្ដាលរងការខូចខាត ដោយឡែករថយន្តទាំង២គ្រឿងវិញ រងការខូចខាតយ៉ាងដំណំផងដែរ។ សំណាងល្អក្នុងគ្រោះថ្នាក់ចរាចរណ៍ខាងលើគឺមិនបណ្ដាលឲ្យមានអ្នកណាម្នាក់រងរបួសនោះឡើយ។

ក្រោយពេលកើតហេតុ ភាគីខាងរថយន្តបង្កនិងខាងរថយន្តរងគ្រោះគឺជាអ្នកស្គាល់គ្នា ដោយដោះស្រាយ យករថយន្តទៅជួសជុលរៀងៗខ្លួន ចំណែកភាគីខាងម៉ូតូរងគ្រោះ ត្រូវបានម្ចាស់រថយន្តបង្កម៉ាក RANGE ROVER ចេញថ្លៃខូចខាតចំនួន១០០ដុល្លារ ដើម្បីបញ្ចប់រឿងនៅនិងកន្លែងកើតហេតុ ដោយមិនរំខានដល់សមត្ថកិច្ចមូលដ្ឋាននោះឡើយ៕

មតិយោបល់