ភ្នំពេញៈ វាជារឿងគួរឲ្យឆ្ងល់មួយ និងកម្របានជួបប្រទះណាស់ ដែលជនជាប់ចោទ ៣នាក់ រងការចោទពីបទលួច(ឆក់ទូរសព្ទ) ដូចគ្នា ប៉ុន្តែត្រូវលោក ឃី ឆៃ ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឲ្យជនជាប់ចោទ ២នាក់ជាប់ពន្ធនាគារតែ៨ខែ ខណៈជនជាប់ចោទម្នាក់ទៀតជាប់ពន្ធនាគាររហូតទៅ ១៨ខែ ពោលគឺលើគេ ទៅដល់១ឆ្នាំ។
ក្រៅពីចេញសាលក្រមសម្រេចដែលធ្វើឲ្យជនជាប់ចោទម្នាក់ និងអាណាព្យាបាលរបស់ជនជាប់ចោទរូបនោះទទួលយកមិនបានហើយ លោក ឃី ឆៃ ឆ្លៀតដេញសាធារណៈជន និងអ្នកសារព័ត៌មានផងមិនឲ្យចូលស្តាប់ សវនាការប្រកាសសាលក្រមនោះទេ ដោយលោកសម្អាងថា ជនជាប់ចោទជាអនីតិជន ដូច្នេះសវនាការប្រកាសសាលក្រមត្រូវធ្វើជាអសាធារណៈ។
ផ្ទុយពីការលើកឡើងរបស់លោក ឃី ឆៃ លោក លី សុផាណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងក្រុងភ្នំពេញបាន ថ្លែងតាម Telegram ថា សំណុំរឿង លួច (ឆក់ទូរសព្ទ) ត្រូវប្រកាសសាលក្រមជាសាធារណៈ។
លោក ឃី ឆៃ ថាមិនអាចប្រកាសជាសាធារណៈបានទេ ដោយអនុវត្តតាមមាត្រា ៤៧ នៃច្បាប់ស្តីពី យុត្តិធម៌អនីតិជន ដែលតម្រូវឲ្យប្រកាសជាអសាធារណៈ។
ឆ្លើយតបនឹងសំនួរថា តើសំណុំរឿង ព្រហ្មទណ្ឌ (ឆក់ទូរសព្ទ) នៅពេលប្រកាសសាលក្រម បើជនជាប់ចោទ ជាអនីតិជនចៅក្រមត្រូវប្រកាសជាសាធារណៈ ឬអសាធារណៈ?
លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់តាម Telegram ថា ករណីនេះ គឺអនុលោមតាមច្បាប់ស្តីពី យុត្តិធម៌អនីតិជន។
តើហេតុអ្វី អនីតិជនដូចគ្នា ប្រព្រឹត្តបទល្មើស ជាមួយគ្នា រងបទចោទដូចគ្នា ត្រូវតុលាការផ្តន្ទាទោស ខុសគ្នា ដល់ទៅ១ឆ្នាំ?
លោក គឹម សន្តិភាព បានមានប្រសាសន៍ថា កម្រិតផ្តន្ទាទោសដាក់ពន្ធនាការនៃបទល្មើសនីមួយៗគឺមានចន្លោះអប្បរមា និងអតិបរមា ដែលនេះជាឆន្ទានុសិទ្ធិរបស់ចៅក្រមសម្រេច។ ការសម្រេចត្រូវពិចារណាលើកត្តាច្រើនដែលទាក់ទងនឹងអំពើនៃអង្គហេតុទាំងនោះ ដែលពេលខ្លះយើងមិនបានដឹងអស់។ មានយន្តការតាមច្បាប់ដែលអនុញ្ញាតឲ្យប្តឹងតវ៉ានឹងសេចក្តីសម្រេចនេះប្រសិនមិនពេញចិត្ត។
ដោយឡែកលោកស្រី ឈួន សុខា ជាម្តាយជនជាប់ចោទឈ្មោះ ហុង សុខរ៉ា បានអះអាងថា លោកស្រីមិនអាចទទួលយកសេចក្តីសម្រេចរបស់លោកចៅក្រម ឃី ឆៃ បានទេ ព្រោះតែលោកស្រីក្រគ្មានលុយទើបកូនលោកស្រីត្រូវជាប់គុក លើសគេទាំងអស់ ក្នុងសំណុំរឿងតែមួយជាមួយគ្នា។ លោកស្រីបន្តថា នឹងឲ្យកូនលោកស្រីប្តឹងឧទ្ទរណ៍ ប្រឆាំងសាលក្រមរបស់លោក ឃី ឆៃ នេះ។
សូមបញ្ជាក់ថា លោក ឃី ឆៃ ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧នេះ បានប្រកាសសាលក្រមសម្រេចផ្តន្ទាទោស ជនជាប់ចោទ
ទី១ឈ្មោះ ហុង សុខរ៉ា ភេទប្រុស អាយុ ១៧ឆ្នាំ ដាក់ពន្ធនាគារ កំណត់រយៈពេល ១៨ខែ
ទី២ ឈ្មោះ ថៃ គីមហ័រ ភេទប្រុស អាយុ ១៧ឆ្នាំ និងទី៣ឈ្មោះ ហេង ឡាយ ភេទប្រុស អាយុ១៥ឆ្នាំ ដាក់ពន្ធនាគារ កំណត់រយៈពេលត្រឹមតែ ៨ខែ តែប៉ុណ្ណោះ ក្រោមបទចោទប្រកាន់លួច (ឆក់ទូរសព្ទ) យោងតាមមាត្រា ៣៥៣ និងមាត្រា ៣៥៦ នៃក្រមព្រហ្មទណ្ឌ៕
https://youtu.be/pKV5AY6dQFI
មតិយោបល់