កណ្តាលៈ ភ្នាក់ងារPost News ប្រចាំខេត្តកណ្តាលបានរាយការណ៍មកថា មានករណីហិង្សាដោយចេតនា លើបុរសម្នាក់ឲ្យរងរបួសត្រង់ចន្លោះម្រាមមេដៃ
និងចង្អុលដៃ នៅដៃខាងឆ្វេងដាច់រយះប្រវែងប្រហែល៦សង់ទីម៉ែត្រទាំងខាងបាតដៃនិងខ្នងដៃ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧ នៅចំណុចក្បាលសាឡាង ក្នុងភូមិកំពង់ចម្លង ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ បូ ថុនា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្នុងភូមិកើតហេតុខាងលើ។ ចំណែកជនរងគ្រោះមានឈ្មោះ ហ៊ង ហ៊ីម ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរលក់ដូរ បច្ចុប្បន្នស្នាកើនៅ ភូមិព្រែកសំរោង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល។
ប្រភពដដែលបន្តថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះបានដើរឡើងមកថ្លឹងត្រីនៅលើផ្លូវឡើងពីសាឡាង ពេលថ្លឹងត្រីរួចក៏បានចុះទៅកន្លែងទូកត្រីវិញ លុះដើរចុះបានបន្តិចស្រាប់តែជនសង្ស័យខាងលើស្រែកសួរថា៖ ហ្អែងស៊ីបាយឬនៅ?ភ្លាមនោះជនរងគ្រោះបានឆ្លើយថា៖ ស្មាននេះហើយអាណាមិនទាន់ស៊ីបាយ ភ្លាមនោះជនសង្ស័យនៅតែសួរដដែលៗ២ទៅ៣ដងហើយជនរងគ្រោះ ក៏នៅតែឆ្លើយដដែលៗដែរ ពេលនោះជនរងគ្រោះ ក៏បានងាកមកខាងស្តាំដៃខ្លួន ក៏ស្រាប់តែឃើញជនសង្ស័យ យារកាំបិតកាប់ តែត្រូវជនរងគ្រោះចាប់ប្រអប់ដៃដែលកាន់កាំបិតរបស់ជនសង្ស័យជាប់។ ពេលនោះជនសង្ស័យក៏រើបំរាស់កន្រ្តាក់កាំបិតចេញពីដៃជនរងគ្រោះ ហើយក៏បណ្តាលឲ្យដាច់រយះ ភ្លាមនោះជនសង្ស័យឃើញដូច្នេះក៏បោះកាំបិតចោលរួចរត់គេចខ្លួនតែម្តង។ក្នុងនោះដកហូតបានកាំបិតកញ្ចែត១។
ចំណែកជនរងគ្រោះត្រូវបានអ្នកជិតខាងជូនទៅមន្ទីរពេទ្យដើម្បីព្យាបាលរបួស រីឯជនសង្ស័យត្រូវបានសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលនិងផ្នែកជំនាញឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាន ធ្វើការសាកសួរនិងកសាងសំណុំរឿង ដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់