ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តម៉ាក Lexus ES300 មួយគ្រឿងបើកបរខ្វះការប្រុងប្រយត្ន័ក្នុងល្បឿនលឿន បានបុករថយន្ត Range Rover ចំពីក្រោយចំហៀងខាងស្តាំពេញទំហឹង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០ យប់ថ្ងៃទី៣ ខែកក្កដា ឆនាំ២០១៧ ស្ថិតនៅចំណុចស្តុប DN ផ្លូវកម្ពុជាក្រោម(១២៨) កែងនិងផ្លូវនេរុហ៍(២១៥) ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
រថយន្តបង្កម៉ាក Lexus ES300 ពណ៌ទឹកដោះគោ ពាក់ស្លាកលេខ 2T-2526 បើកបរដោយបុរសវ័យក្មេងម្នាក់ ក្នុងស្ថានភាពស្រវឹង។ ចំណែករថយន្តមួយគ្រឿងទៀតម៉ាក Range Rover ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2Q-4823 បើកបរដោយស្រ្តីម្នាក់ វ័យជាង៣០ឆ្នាំ។
បើតាមសាក្សីពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញ រថយន្តម៉ាក Range Rover បើកតាមបណ្តោយផ្លូវ នេរុហ៍ ទិសដៅពីជើងទៅត្បូងចំណែករថយន្ត Lexus ES-300 បើកក្នុងទិសដៅបញ្ច្រាស់ទិសគ្នា ខណៈមកដល់ចំណុចស្តុប រថយន្ត Range Rover បានស៊ីញ៉ូបត់ឆ្វេងដៃ ស្របគ្នានោះក៏មានរថយន្តបង្ក ES-300 បើកមកលឿនបុកចំកង់ក្រោយរថយន្ត Range Rover បណ្តាលឲ្យរថយន្ត Range Rover វិលមួយជុំ ចំណែករថយន្ត ES-300 ហួសទៅមុនជាង៣០ម៉ែត្រ បែកកង់ស្តាំ ដាច់កាឡេនិងខ្ទេចផ្នែកខាងស្តាំយ៉ាងដំណំ តែមិនបណ្តាលឲ្យរងរបួសដល់អ្នកបើកបរទាំង២នាក់នោះទេ។
ក្រោយកើតហេតុភ្លាមៗនារីម្ចាស់រថយន្ត Range Rover រត់មកឃាត់ម្ចាស់រថយន្ត ES-300 ព្រោះខ្លាចអ្នកបើកបររត់គេចខ្លួន តែក្រោយមកនារីម្ចាស់ Range Rover រវល់មើលរថយន្តខ្លួនឯង និងដោយមានមនុស្សម្នាចោមរោមមើលច្រើន អ្នកបើកបររថយន្ត ES-300 បានគេចខ្លួនបាត់ដោយសុវត្ថិភាព។ ដោយឡែករថយន្តទាំង២គ្រឿងត្រូវបានសមត្ថកិច្ចមូលដ្ឋានសម្រួលការកកស្ទះនិងសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌ វាស់វែងយកទៅរក្សាទុកនៅអធិការរដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីរង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយនៅពេលក្រោយ៕
មតិយោបល់