ព័ត៌មានជាតិ

កាមរីឆ្លាមបើកបរ ខ្វះការប្រុងប្រយ័ត្នបុកម៉ូតូជនជាតិចិនម្នាក់របួសស្រាល

ភ្នំពេញ: ស្ត្រីម្នាក់បើករថយន្តឆ្លាមមួយគ្រឿងដល់ចំណុចផ្លូបំបែកជា៤ ដោយខ្វះការប្រុងប្រយ័ត្នទៅបុកម៉ូតូមួយគ្រឿងជាប់ពីក្រោម បណ្តាលឲ្យបុរសជនជាតិចិនម្នាក់ ដួលរលាត់ដាច់មុខមាត់ហូរឈាមកក្លាក់រងបួសស្រាល សំណាងល្អមិនគ្រោះថ្នាក់ដល់ជីវិត។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១ និង៣០នាទីព្រឹក ថ្ងៃទី ១១ ខែមេសា ឆ្នាំ២០១៧ នៅចំណុចផ្លូវលេខ៥១ កែងនិងផ្លូវលេខ៣២២ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាកកាមរីឆ្លាម ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ2G-2578 ដែលបើកបរដោយស្រ្តីជាជនជាតិខ្មែរម្នាក់ តាមបណ្តោយផ្លុវលេខ៥១ ក្នុងទិសដៅពីជើងទៅត្បូង។ លុះមកដល់ចំណុចកើតហេតុខាងលើ ដែលជាចំណុចផ្លូវបំបែកជា៤នោះ ដោយខ្វះការប្រុងប្រយ័ត្នក៏បានទៅបុកម៉ូតូម៉ាកស្តេប ពណ៌ស លាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1R-2172 មួយគ្រឿង ដែលកំពុងតែបើកបរដោយបុរសជនជាតិចិនម្នាក់ក្នុងគោលបំណងឆ្លងផ្លូវពីកើតទៅលិច បណ្តាលឲ្យដួលអូសជាប់ខាងក្រោម រងរបួសរលាត់ដាច់មុខមាត់ និងដៃ ជើង រងរបួសស្រាលតែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានជំនាញចរាចរណ៍ខណ្ឌចម្ការមនចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែងរកខុសត្រូវ និងដោះស្រាយគ្នាដោយភាគីខាងរថយន្តឆ្លាមបង្ក ចេញថ្លៃព្យាបាលជំងឺ និងជួសជុលម៉ូតូរបស់បុរសជាជនជាតិចិនរងគ្រោះ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុភ្លាមៗផងដែរ៕

មតិយោបល់