កំពង់ស្ពឺៈ លោកអធិការស្រុកភ្នំស្រួច បានប្រាប់Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយរថយន្តធុន ធំមួយគ្រឿងបើកបុកមនុស្សឆ្លងផ្លូវ បណ្តាលឲ្យស្លាប់ភា្លមៗនៅនឹងកន្លែង។
ហេតុការណ៍នេះបានកើងឡើងកាលពីវេលាម៉ោង៧និង៤០នាទីយប់ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ៦០-៦១ ត្រង់ចំណុចភូមិត្រពាំងក្រឡាញ់ ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
លោកអធិការបានបន្តថា ជនរគ្រោះឈ្នោះ គង់ រតនា ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅភូមិ ត្រពាំងក្រឡាញ់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ស្លាប់នៅកន្លែងកើតហេតុ។
លោកអធិការបានបន្តទៀតថា មុនពេលកើតហេតុ គេឃើញមានរថយន្តធុនធំមួយគ្រឿង មិនស្គាល់ម៉ាក បើកបរពីទិសខាងលិចទៅទិសខាងកើត ក៏បានបុក មនុស្សឆ្លងផ្លូវពីត្បូងទៅជើង ហើយខ្ទាតចូលរថយន្តមួយគ្រឿងទៀតម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស លាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ3C-3139 សណ្តោងរឺម៉ក ពាក់ស្លាកលេខ ភ្នំពេញ4A-0135 ស៊ីទែនសាំង ក្រុមហ៊ុន PTP អ្នកបើកបរមិនស្គាល់ឈ្មោះ បើកបរពីទិសខាងកើតទៅទិសខាងលិច កិនជនរងគ្រោះស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង។
ក្រោយពីកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែង និងនាំយករថយន្តទាំង២គ្រឿងមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីដោះស្រាយគ្នានាពេលក្រោយ។ ចំណែកសាកសព ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារសាច់ញ្ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕



មតិយោបល់