ព័ត៌មានជាតិ

បុករះទៀតហើយ! មនុស្ស២នាក់និងក្មេងអាយុ១១ខែម្នាក់ របួសធ្ងន់ស្រាលក្រោយពីរថយន្តដឹកដែក ក្រុមហ៊ុនCamel បើកបុករះពេញទំហឹង

កណ្តាលៈ យោងតាមសេចក្តីរាយការណ៍ពីភ្នាក់ងារ Post News ប្រចាំខេត្តកណ្តាល បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង បន្ទាប់ពីមានរថយន្តដឹកដែក របស់ក្រុមហ៊ុនCamel មួយគ្រឿង អ្នកបើកងោកមួយភាំង រេចង្កូតបុករថយន្តហ៊ីយ៉ាន់ដាយមួយគ្រឿង រួចបន្តទៅបុកម៉ូតូស្កុបពីមួយគ្រឿងទៀតពេញទំហឹង រួចរថយន្តបង្ក បន្តរុញផ្ទុបម៉ូតូជនរងគ្រោះទៅបុកនឹងដើមឈើមួយដើមទៀតជាប់ចិញ្ចើមផ្លូវបាក់គៀបទាំងរថយន្តនិងម៉ូតូនៅមួយកន្លែង ចំណែកជនរងគ្រោះជាអ្នកជិះម៉ូតូហោះផ្លោងចេញពីលើម៉ូតូរងរបួសធ្ងន់និងស្រាល។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៦និង៣០នាទី ព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២ ចន្លោះគីឡូម៉ែត្រលេខ២៤ -២៥ ក្នុងភូមិប៊ុណ្ណា ឃុំព្រះពុទ្ធ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

សមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើនេះ បង្កឡើងដោយរថយន្ត ហ៊ីយ៉ាន់ដាយ ដឹកដែក របស់ក្រុមហ៊ុនCamel ពណ៌ស្លាទុំ ពាក់ស្លាកលេខភ្នំពេញ 3A-0233 បើកបរដោយឈ្មោះ វង្ស សីហា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមជាអ្នកបើករថយន្ត ស្នាក់នៅភូមិកំពង់អំពិល ឃុំបូរីជលសា ស្រុកបូរីជលសារ ខេត្តតាកែវ លុះបានមកដល់ចំណុចកើតហេតុខាងលើ អ្នកបើកបររថយន្តបង្ក បានងងុយដេក ក៏ងោកមួយភាំង ទាញចង្កូតរថយន្តទៅបុករថយន្ត១គ្រឿងទៀត ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ 3B-0744 អ្នកបើកបររត់គេចខ្លួនបាត់ ដោយសាររថយន្តបង្កមិនទាន់អស់ល្បឿន បានមកបុកម៉ូតូចំនួន១គ្រឿងទៀតម៉ាក ស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1AM-0675 បើកបរដោយឈ្មោះ គុល សុធាវី ភេទស្រី អាយុ២២ឆ្នាំ ស្នាក់នៅភូមិអណ្តូងសំរិត ឃុំភ្នាប្រជុំ ស្រុកកោះដាច់ ខេត្តតាកែវ (រងរបួសធ្ងន់) និងបណ្តាលឲ្យអ្នករួមដំណើរជាមួយ២នាក់ទៀត ទី១ឈ្មោះ សិន ញី ភេទស្រី អាយុ៤៥ឆ្នាំ ត្រូវជាម្តាយអ្នកបើកម៉ូតូ ស្នាក់នៅភូមិឃុំជាមួយគ្នា (រងរបួសធ្ងន់) និងទី២ កូនរបស់អ្នកបើកបរម៉ូតូ ដែលទើបតែមានអាយុ ១១ខែ (រងរបួសស្រាល)។

ក្រោយពីកើតហេតុហើយនោះ សមត្ថកិច្ចនគរបាលជំនាញបានចុះមកធ្វើការអន្តរាគមន៍បញ្ជូនជនរងគ្រោះទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យក្នុងក្រុងភ្នំពេញ ចំណែកធម្យោបាយធ្វើដំណើរខាងលើ ត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុក រង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយតាមផ្លូវច្បាប់៕

មតិយោបល់