កណ្តាលៈ ស្ត្រី២នាក់ ត្រូវបានកម្លាំងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀនស្រុកស្អាង ធ្វើការចាប់ឃាត់ខ្លួនពីបទជួញដូរនូវសារធាតុញៀនខុសច្បាប់ កាលពីវេលាម៉ោង១១និង៥០នាទី ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅចំណុចស្ពានព្រែកជន ភូមិខ្ពបក្រោម ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ ដែលសមត្ថកិច្ចចាប់ឃាត់ខ្លួនខាងលើនេះ ទី១មានឈ្មោះ អ៊ី សុភក្រ័ ហៅហ្សា ភេទស្រី អាយុ១៦ឆ្នាំ មុខរបរកសិករ
និងជនសង្ស័យទី២ឈ្មោះ ជួប សុវណ្ណារ៉េត ហៅឌឿន ភេទស្រី អាយុ៤៦ឆ្នាំ មុខរបរច្រៀងភ្លេងការ អ្នកទាំង២នាក់ ស្នាក់នៅភូមិតាលន់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល។
ក្នុងនោះដែរ វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន ម្សៅក្រាម ពណ៌ស ចំនួន ១កញ្ចប់មធ្យម សង្ស័យជាគ្រឿងញៀន ប្រភេទម៉ាទឹកកក នៅជាប់នឹងឈ្មោះ អ៊ី សុភក្រ័ ហៅហ្សា,ម៉ូតូចំនួន១គ្រឿង ម៉ាក ហុងដា MSX ពណ៌ក្រហមខៀវ គ្មានស្លាកលេខ ជារបស់ឈ្មោះ អ៊ី សុភក្រ័ ហៅហ្សា, អាវុធច្នៃ កាំភ្លើងខ្យល់បាញ់សត្វ ចំនួន១ដើម និងឧបករណ៍ប្រើប្រាស់មួយចំនួន នៅក្នុងផ្ទះឈ្មោះ ជួប សុវណ្ណារ៉េត ឆែកឆេរឃើញ ,ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន១គ្រឿងចាប់យកពី ឈ្មោះ អាត់ ពេជ្រ ត្រូវជាម្តាយឈ្មោះ អ៊ី សុភក្រ័។
សមត្ថកិច្ចបានឲ្យដឹងថា មុននឹងឈានដល់ការចាប់ឃាត់ខ្លួនបានជនសង្ស័យខាងលើ ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថាមានករណី ជួញដូរគ្រឿងញៀន ភ្លាមនោះកម្លាំងសមត្ថកិច្ច ផ្នែកប្រឆាំងបទល្មើសគ្រឿងញៀនស្រុក សហការជាមួយកម្លាំងសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលត្រើយស្លា និងកម្លាំងសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលខ្ពប បានត្រួតពិនិត្យ ឈ្មោះ អ៊ី សុភក្រ័ នៅចំណុចស្ពានព្រែកជន ក៏ប្រទះឃើញគ្រឿងញៀនប្រភេទម៉ាទឹកកក ចំនួន១កញ្ចប់មធ្យម នៅក្នុងស្បោងច្រកផ្លែទាបខ្មែរ រួចឃាត់ខ្លួន ឈ្មោះ អ៊ី សុភក្រ័ យកមកប៉ុស្តិ៍រដ្ឋបាលខ្ពបដើម្បីសាកសួរ។
នៅចំពោះមុខសមត្ថកិច្ច ឈ្មោះ អ៊ី សុភក្រ័ បានសារភាពថា ខ្លួនបានទទួលគ្រឿងញៀនប្រភេទ ម៉ាទឹកកក ចំនួន១កញ្ចប់មធ្យម ពីឈ្មោះ ជួប សុវណ្ណារ៉េត នៅវេលាម៉ោង ១០និង៣០ នាទី ព្រឹកថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០១៦ ដើម្បីយកទៅលក់ឲ្យគេមិនស្គាល់ឈ្មោះ តម្លៃ១០០០០០រៀល នៅភូមបឹងខ្ពប ឃុំខ្ពប ។ ឈ្មោះ អ៊ី សុភក្រ័បានសារភាពទៀតថា ខ្លួនធ្លាប់បានទទួលគ្រឿងញៀន ប្រភេទម៉ាទឹកកក ពីឈ្មោះ ជួប សុវណ្ណារ៉េត យកទៅលក់ នៅក្នុងភូមិតាលន់ ក្នុងខែ០៥ ឆ្នាំ២០១៦ ចំនួន២លើក និងទទួលគ្រឿងញៀនពី ឈ្មោះ ជួប សុវណ្ណារ៉េត យកទៅលក់ នៅភូមិបឹងខ្ពប ឃុំខ្ពប ក្នុងខែ៩ ក្នុងឆ្នាំ២០១៦ បានចំនួន១លើក។
បន្ទាប់មក សមត្ថកិច្ចបានបន្តឃាត់ខ្លួន ឈ្មោះ ជួប សុវណ្ណារ៉េត ហៅឌឿន មកធ្វើការសាកសួរ ឈ្មោះជួប សុវណ្ណារ៉េត បានអះអាងថាខ្លួនមិនបានទំនាក់ទំនង រឺ ប្រគល់គ្រឿញៀនអ្វីទៅឲ្យឈ្មោះ អ៊ី សុភក្រ័ ឡើយ ។ នៅវេលាម៉ោង ១២និង៣១ នាទី ថ្ងៃដដែល លោក លឹម សុគន្ថា ព្រះរាជអាជ្ញាសាលាដំបូលខេត្តកណ្តាល សម្រេច បញ្ជាឲ្យឃាត់ខ្លួន ឈ្មោះ អ៊ី សុភក្រ័ និង ឈ្មោះ ជួប សុវណ្ណារ៉េត និង ឆែកឆេរលំនៅដ្ឋានរបស់ឈ្មោះ ជួប សុវណ្ណារ៉េត ដើម្បីបន្តអនុវត្តន៍តាមនីតិវិធី ច្បាប់៕
មតិយោបល់