ព័ត៌មានបច្ចេកវិទ្យា

ក្រុមហ៊ុន Samsung ត្រូវគេរាយការណ៍ថា នឹងផលិតគំរូទូរសព្ទអេក្រង់បត់ ២-៣ ពាន់គ្រឿង នៅឆ្នាំនេះ

អស់រយ:កាលពីរបីឆ្នាំហើយដែលពិភពលោកបានទន្ទឹងរង់ចាំការមកដល់របស់ទូរសព្ទដៃអេក្រង់បត់របស់ក្រុមហ៊ុន Samsung។ វត្តមានប្រភេទថ្មីនេះ ចេះតែស្ងាត់សូន្យឈឹងពីមួយឆ្នាំទៅមួយឆ្នាំ គឺអ្វីគ្រប់យ៉ាងបានត្រឹមតែជាការស្រមៃ គេពុំទាន់ឃើញសោះឡើយនូវរូបរាងពិតប្រាកដរបស់វា។

ទោះយ៉ាងណា ព័ត៌មានចចាមអារ៉ាទាក់ទងទៅនឹងទូរសព្ទដៃទំនើបដែលមានរចនាបទអេក្រង់អាចកាច់ចុះឡើងនេះ នៅតែបន្តលេចឡើង។ ចុងក្រោយនេះ បើយោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េ The Investor បានរាយការណ៍ថា Samsung នឹងផលិតចេញនូវគំរូទូរសព្ទអេក្រង់បត់ក្នុងចំនួនមួយដ៏ច្រើន នៅពាក់កណ្តាលឆ្នាំ ២០១៧ ។

ដោយសម្អាងលើសម្តីពីយកប្រភពសុំមិនបញ្ចេញឈ្មោះ The Investor បានលើកឡើងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េខាងត្បូង បានកម្ម៉ង់គ្រឿងគ្រៅសម្រាប់ផលិតគំរូទូរសព្ទអេក្រង់បត់នៅចន្លោះពី ២,០០០ ទៅ ៣,០០០ គ្រឿងរួចទៅហើយ។

ប្រភេទស្មាតហ្វូនដ៏គួរឱ្យចាប់អារម្មណ៍នេះ ត្រូវបានគេរំពឹងថា នឹងបំពាក់អេក្រង់ OLED មានទ្រនុងត្រចៀកនៅចំកណ្តាល ហើយអាចកាច់បើកចុះឡើងបាន ១៨០ ដឺក្រេ។

ប្រភពសុំមិនបញ្ចេញឈ្មោះដដែលបានគូសបញ្ចាក់ប្រាប់ The Investor បន្ថែម ថា «Samsung ទំនងជាកំពុងសាកល្បងវត្ថុរាវថ្លាៗមួយទូរសព្ទអេក្រង់ភ្លោះអាចកាច់ដាក់ផ្អិបមុខគ្នា ដើម្បីប្រមែប្រមូលគំនិតក្នុងការផលិតទូរសព្ទអេក្រង់បត់»។

យ៉ាងណាក៏ដោយ រហូតមកទល់ពេលនេះ គ្មាននរណាម្នាក់ហ៊ានចេញមុខបញ្ជាក់ឱ្យច្បាស់ ឬក៏បដិសេធថា ព័ត៌មានទាំងនោះ គឺពិតប្រាកដ ឬយ៉ាងណានោះទេ ដូច្នេះ ការពិត ឬក្លែងក្លាយ គឺប្រិយមិត្ត រួមទាំង Post Tech ដែរនោះ មានតែរង់ចាំមើលតទៅទៀតប៉ុណ្ណោះ៕

ប្រភពព័ត៌មាន: theinvestor

មតិយោបល់