ព័ត៌មានជាតិ

ជិះលឿនៗពេក! ម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹង មនុស្ស៤នាក់របួសធ្ងន់ស្រាល

កំពង់ស្ពឺ: លោកអធិការរងស្រុកថ្ពង បានប្រាប់Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូចំនួន២គ្រឿងបានបុកគ្នាពេញទំហឹង រហូតបណ្តាលឲ្យមានមនុស្ស៤នាក់រងរបួសធ្ងន់និងស្រាល ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង១០នាទី រសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៤៤ ចន្លោះគីឡូម៉ែត្រលេខ ៩៤-៩៥ ចំណុចស្ពានថ្មគប់ ភូមិថ្មគប់ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ ម៉ូតូម៉ាក ស៊ុយសាគីលែត ពណ៌ទឹកប្រាក់ ស្លាកលេខ កំពង់ស្ពឺ 1J-5037 បើកបរដោយឈ្មោះ ស៊ុយ ឆីត ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅភូមិទឹកលង២ ឃុំរុងរឿង ស្រុកថ្ពង រងរបួសធ្ងន់(សន្លប់នៅនឹងកន្លែង) និងអ្នករួមដំណើរឈ្មោះ ឆេង ចិន ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិឃុំជាមួយគ្នា របួសស្រាល បើកបរក្នុងល្បឿនលឿនទិសដៅពីកើតទៅលិច តាមបណ្តោយផ្លូវខាងលើ លុះបានមកដល់ចំណុចកើតហេតុ ក៏បានរេចង្កូតជ្រុលទៅបុកជាមួយនឹងម៉ូតូម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GF-6494 កំពុងជិះឌុបគ្នា២នាក់ ទី១ឈ្មោះ ពេញ ផានី ភេទស្រី អាយុ២០ឆ្នាំ អ្នកបើកបរ ស្នាក់នៅភូមិទទឹងថ្ងៃ ឃុំវាលពន់ ស្រុកថ្ពង របួសស្រាល និងម្នាក់ទៀតឈ្មោះ វ៉ាន់ មន ភេទស្រី អាយុ២៤ឆ្នាំ នៅភូមិជាមួយគ្នា ជិះខាងក្រោយរបួសធ្ងន់ ដែលកំពុងជិះស្របទិសគ្នាចំពីក្រោយពេញទំហឹងតែម្តង។

ក្រោយកើតហេតុ ជនរងគ្រោះទាំង២នាក់ ត្រូវបានគេបញ្ជូនតាមរថយន្តសង្គ្រោះ ទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកឧដុង្គភ្លាមៗ ចំណែកវត្ថុតាងម៉ូតូទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាន ដើម្បីចាត់ការតាមនីតិវិធីច្បាប់បន្តទៀត៕

មតិយោបល់