ព័ត៌មានជាតិ

លាន់ផាំង! រថយន្ត១គ្រឿង បើកបុកម៉ូតូ បណ្តាលឲ្យមនុស្ស៣នាក់ បាក់ជើងនិងបែកគ្រាប់ភ្នែក

បន្ទាយមានជ័យ:​ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថាមនុស្សចំនួន៣នាក់ បានរបួសបាក់ជើង និង១នាក់ផ្សេងទៀត បែកភ្នែកម្ខាង ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបុកម៉ូតូ កើតឡើងនៅវេលាម៉ោង៤និង២៥នាទីល្ងាច ថ្ងៃទី២៩​ ខែឧសភា ឆ្នាំ២០២០ លើផ្លូវលេខ២,៥៦៣ ចំណុចខាងកើតសាលាឆទានព្រែវែងចម្ងាយ ១៥០ម ស្ថិតក្នុងភូមិព្រែវែង ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។

​លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលស្រុកថ្មពួក បានឲ្យដឹងថា នៅមុនពេលកើតហេតុករណីគ្រោះថ្នាក់ចរាចរណ៍នេះ ដំបូងមានម៉ូតូដឹកជ្រូក១គ្រឿង បានបត់កាត់ពីមុខរថយន្ត១គ្រឿង កំពុងបើកបរក្នុងទិសដៅ ពីលិចទៅកើត និងបើកកាត់ពីមុខម៉ូតូ១គ្រឿងទៀត កំពុងបើកបរក្នុងទិសដៅពីកើតទៅលិច បណ្តាលឲ្យរថយន្តនិងម៉ូតូគេចពីម៉ូតូដឹកជ្រូកបុកគ្នា បណ្តាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ មានអ្នករងរបួសធ្ងន់ បាក់ជើងចំនួន៣នាក់និងបែកភ្នែកម្ខាង១នាក់ ត្រូវបានជួយសង្រ្គោះដឹកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែក ស្រុកថ្មពួក ។ ចំណែកឯម៉ូតូដឹកជ្រូក បានបើករត់គេចខ្លួនបាត់ រថយន្តខូចខាតធ្ងន់ផ្នែកខាងមុខនិងម៉ូតូខូចខាតទាំងស្រុង ។

​លោកអធិការបានបញ្ជាក់ថា មូលហេតុបង្កឲ្យរថយន្តនិងម៉ូតូបុកគ្នានេះ គឺបណ្តាលពីរថយន្តនិងម៉ូតូ បានបើកគេចពីម៉ូតូដឹកជ្រូកដែលបត់កាត់ពីមុខ វត្ថុតាងរថយន្តនិងម៉ូតូនគរបាលជំនាញបានយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកថ្មពួក រង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ ៕

មតិយោបល់