ស្ទឹងត្រែងៈ ត្រីជាច្រើនប្រភេទត្រូវសង្កេតឃើញថា រយៈពេល២ថ្ងៃគិតចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ឧសភា នេះ មានការសំបូរហូរហៀរាប់តោននៅលើទីផ្សារខេត្តស្ទឹងត្រែង ជាពិសេស ត្រីប៉ាសេអី និងត្រីប៉ាវ៉ា ដែលជាប្រភេទត្រីកម្រ និងមានរសជាតិ ឆ្ងាញ់ពិសា ដែលមានចំនួនច្រើនហួសប្រមាណ។
ប្រជានេសាទបានយកត្រីមកលក់នៅលើទីផ្សារ ដោយត្រីប៉ាសេលក់១គីឡូតម្លៃ៣ម៉ឺន ទៅ៥ម៉ឺនរៀល ខណៈត្រីប៉ាសេអី នៅរដូវខែធ្នូ តំលៃក្នុង១គីឡូក្រាមពី៥០ដុល្លារ ទៅ៧០ដុល្លារឯណោះ ។
ប្រជានេសាទសប្បាយចិត្ត ក្នុងការប្រមូលលុយពីការលក់ត្រី ដែលសំបូរច្រើនជាងគេក្នុងរយៈពេល២ថ្ងៃនេះ ហើយគេឃើញភ្ញៀវ មកពីបណ្តាខេត្តនានាបានប្រមូលទិញតាំងព្រឹកព្រលឹម រហូតដល់ព្រលប់មិនទាន់ឈប់ទៀត ។
ត្រីដែលចាក់លក់នៅទីផ្សាររាប់សិបតោននោះ គេឃើញត្រីសំបូរជាងគេមានត្រីក្អែក ត្រីប៉ាវ៉ា ត្រីប៉ាសេអី ត្រីប៉ាភៀន ជាពិសេសអ្នកភ្នំពេញ បានប្រមូលទិញដាក់ក្នុងធុងក្លាស្សេ និងខ្លះធ្វើផ្អក ។ ប្រជានេសាទបានឱ្យដឹងថា ទោះបីជាត្រីប៉ាសេអ៊ីសំបូរនៅក្នុងខែនេះ តែបើនិយាយពីរសជាតិមិនសូវជាឆ្ងាញ់ ដូចត្រីប៉ាសេអី ក្នុងរដូវរងារឡើយ គឺនៅក្នុងខែធ្នូមានរសជាតិឆ្ងាញ់ជាង ។
ដោយឡែក នៅរដូវនេះភាគច្រើនប្រភេទត្រីប៉ាសេអ៊ីតូចៗ១គីឡូក្រាមចុះក្រោម គេយកធ្វើផ្អក ដើម្បីលក់ក្នុងតម្លៃផ្អក១គីឡូក្រាម១២ម៉ឺនរៀល ហើយមានរសជាតិឆ្ងាញ់ណាស់ ។
លោក ដៀប បូរ៉ា នាយរងខណ្ឌជនផលស្ទឹងត្រែង បានមានប្រសាសន៍ថា រយៈពេលពីថ្ងៃនេះ ពិតជាសំបូរត្រីណាស់ ដែលលក់នៅលើទីផ្សារ ជាពិសេសមានត្រីក្អែក ត្រីប៉ាវ៉ា និងត្រីប៉ាសេអ៊ី ។ តែអ្វីដែលចាប់អារម្មណ៍ គឺត្រីប៉ាសេអី សំបូរជាងគេ ដោយលោកមិនដឹងមូលហេតុដែល ព្រោះខុសពីឆ្នាំមុន ដោយលោកគិតថា ប្រហែលជាមានការប្រែប្រួលអាកាសធាតុ ទើបធ្វើឱ្យត្រីប៉ាសេអ៊ី សំបូរបែបនៅលើទីផ្សារយ៉ាងដូច្នេះ៕



មតិយោបល់