ព័ត៌មានជាតិ

រន្ធត់ណាស់! មេបញ្ជាការរងអាវុធហត្ថស្រុកបារាយណ៍បើករថយន្តជែង បុកម៉ូតុអូសជាច្រើនម៉ែត្រ បុរសម្នាក់រយះទ្រូងស្លាប់

កំពង់ធំ: លោកប្រធានការិយាល័យចរាចរណ៍ខេត្តកំពង់ធំ បានប្រាប់Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តមួយគ្រឿង បើកបរដោយលោក មេបញ្ជាការរងស្រុកបារាយណ៍ ក្នុងទិសដៅបញ្ច្រាសទិសគ្នា បុកអូសម៉ូតូសង់ពេញទំហឹងជាច្រើនម៉ែត្រ បណ្តាលឲ្យយុវជនអ្នកបើកម៉ូតូរយះទ្រូងស្លាប់គួរឲ្យរន្ធត់។ ចំណែកលោកមេបញ្ជាការរង ស្រុកបារាយណ៍ដែលជាអ្នកបើកបរថយន្តបង្ក បានបើកទ្វាររថយន្តចុះរត់គេចខ្លួនបាត់ស្រមោលតែម្តង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង១៥នាទី ព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងភូមិជីអោក ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

សមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ គឺបង្កឡើងរវាងរថយន្តម៉ាកកាមរីឆ្លាម ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ សន សំនៀង ភេទប្រុស អាយុ ៣៧ឆ្នាំ ជាមេបញ្ជាការរងអាវុធហត្ថស្រុកបារាយណ៍ ស្នាក់នៅភូមិអូសួស្តី ឃុំបារាយណ៍ ស្រុកបារាយណ៍(គេចខ្លួន)។ ចំណែកភាគីម៉ូតូជនរងគ្រោះ ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1EH-3352 បើកដោយឈ្មោះ សេង ម៉ាប់ ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅភូមិឃុំកើតហេតុខាងលើ (មិនពាក់មួកសុវត្ថិភាព) ស្លាប់នៅនឹងកន្លែងកើតហេតុ។ ក្នុងនោះដែរ សមត្ថកិច្ចបញ្ជាក់ថា មូលហេតុ គឺបណ្តាលមកពីខាងរថយន្តប្រជែង ក្នុងស្ថានភាពគ្រោះថ្នាក់។

ក្រោយពីកើតហេតុ សមត្ថកិច្ចបានចុះមកធ្វើការវាស់វែង នាំយករថយន្តនិងម៉ូតូយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍ និងកំពុងកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕

មតិយោបល់