ព័ត៌មានបច្ចេកវិទ្យា

មិនធ្លាប់ស្គាល់សោះ ស្រាប់តែចេញមួយម៉ូដថ្មីនេះមក G6 ឬ S8 អីសុំខ្មាស់!

ខណ:ក្រុមហ៊ុន Samsung និង LG កំពុងបង្ហាញមោទនភាពយ៉ាងខ្លាំងលើ កំពូលទូរសព្ទ Galaxy S8 និង G6 ជាមួយរចនាបទអេក្រង់ស្ទើរគ្មានគែមនោះ ក្រុមហ៊ុនផលិតទូរសព្ទមួយដែលមិនធ្លាប់ឮឈ្មោះសោះក្នុងពិភពទូរសព្ទ ស្រាប់តែតាំងបង្អូតទូរសព្ទម៉ូឌែលថ្មីរបស់ខ្លួនមួយឈ្មោះ Alpha បំពាក់អេក្រង់លាតស្ទើរតែស្មើ ១០០% នៃផ្ទៃទូរសព្ទខាងមុខ លើគេហទំព័ររបស់ខ្លួន។

Alpha គឺជាទូរសព្ទម៉ូឌែលដែលកំពុងត្រៀមចេញឆាប់ៗខាងមុខរបស់ក្រុមហ៊ុន Maze ដែលមានមូលដ្ឋានក្នុងខេត្ត Shenzhen ប្រទេសចិន និងដែលជាក្រុមហ៊ុនផលិតគ្រឿងបន្លាស់ទូរសព្ទចល័តឈានមុខគេក្នុងសកលមួយ ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនបច្ចកវិទ្យាទូរគមនាគមន៍ YOP ក្នុងឆ្នាំ ២០១២។

វាត្រូវបានរំលេចរូបរាងយ៉ាងល្អប្រណិតនៅលើគេហទំព័រ mazemobile ជាមួយរចនាបទអេក្រង់ហ៊ុមព័ទ្ធដោយគែមដ៏ស្តើងទាំងនៅខាងឆ្វេង/ស្តាំង និងខាងលើ ចំណែកគែមខាងក្រោមវិញ គឺមានបំពាក់កាមេរ៉ាមួយ នៅខាងស្តាំប៊ូតុង Home ហើយអ្វីដែលគួរឱ្យកត់សម្គាល់ជាងនេះ គឺវាបំពាក់កាមេរ៉ាភ្លោះនៅខាងក្រោយ។

Maze Alpha មិនទាន់ត្រូវបានទម្លាយឱ្យដឹងពីលក្ខណ:សម្បត្តិខាងក្នុង និងខាងក្រៅនោះទេ ប៉ុន្តែ បើយោងតាមកំពូលអ្នកទម្លាយព័ត៌មានផលិតទូរសព្ទជំនាន់បន្ទាប់ ឬជំនាន់ជិតមកដល់របស់ក្រុមហ៊ុនបច្ចេកវិទ្យានានា គឺលោក Evan Blass បានអះអាងថា ស្មាតហ្វូនបំពាក់អេក្រង់គ្មានស៊ុមនេះ នឹងមានអេក្រង់ Full HD ទំហំ ៦ អីុញ ប្រើបន្ទះឈីបជំនាន់ octa-core, RAM ទំហំ ៦ ជីហ្គាបៃយ៍ និងអង្គផ្ទុកទិន្នន័យទំហំ ៦៤/១២៨ ជីហ្គាបៃយ៍។ ចំណែកកាមេរ៉ាភ្លោះម្ខាងនៅខាងក្រោយ នឹងប្រើបច្ចេកវិទ្យាកាមេរ៉ារបស់ក្រុមហ៊ុន Sony ទំហំ ១៣ មេហ្គាភិចសែល ហើយវានឹងដើរដោយប្រព័ន្ធ Android Nougat៕

ប្រភពព័ត៌មាន: androidauthority

មតិយោបល់