ភ្នំពេញៈ នៅពេលខាងមុខនេះសាលារាជធានីភ្នំពេញនឹងប្រគល់ឲ្យក្រុមហ៊ុនឯកជនជាអ្នកទទួលខុសត្រូវ ក្នុងការថែទាំ សួនច្បារ ដើមឈើនិងអំពូលភ្លើង ក្នុងក្រុង ស្របពេលដែលរាជធានីភ្នំពេញរបស់យើងមានសួនច្បារជាង៦៩ហិកតា ដើមឈើជាង៦ម៉ឺនដើម និងអំពូលភ្លើងបំភ្លឺសាធារណៈមានរហូតទៅដល់ជាង ១១.០០០អំពូល ហើយអំពូលទាំងនេះក៏នឹងត្រូវប្ដូរជាអំពូល LED ទាំងអស់ផងដែរ។
នេះបើតាមការបង្ហាញឲ្យឃើញតាមរយៈប្រព័ន្ធសង្គមហ្វេសបុករបស់លោកប៉ា សុជាតិវង្សអភិបាលរាជធានីភ្នំពេញ ដែលក្នុងប្រព័ន្ធសង្គមនេះបានសរសេរថា “នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦នេះ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំកិច្ចប្រជុំសំខាន់ៗ ២ ជាបន្តបន្ទាប់រួមមាន៖
១-ប្រជុំការងារតប្រព័ន្ធកាមេរ៉ាសុវត្ថិភាព ពន្លឿនការងារតម្លើងកាមេរ៉ាសុវត្ថិភាព នៅទូទាំងរាជធានីភ្នំពេញបន្ថែមចំនួន ៦០០គ្រឿង ឲ្យបានក្នុងរយ:ពេល ០៦ខែទៀត។
២-ប្រជុំការងាររៀបចំកិច្ចសន្យាការថែទាំសួនច្បារ និងបង្គោលភ្លើង
សួនច្បារជាង ៦៩ហិចតា ដើមឈើជាង ៦ម៉ឺនដើម នឹងត្រូវប្តូរការទទួលខុសត្រូវថែទាំឲ្យទៅក្រុមហ៊ុនឯកជន។
អំពូលភ្លើងបំភ្លឺសាធារណៈជាង ១១.០០០អំពូល នឹងត្រូវប្ដូរជាអំពូល LED ទាំងអស់ ហើយការទទួលខុសត្រូវទទួលថែទាំក៏ត្រូវប្ដូរឲ្យក្រុមហ៊ុនឯកជន។
ការតម្លើង ឬរៀបចំអំពូល ឬសួនច្បារថ្មីពិតជាពិបាក ប៉ុន្តែការថែរក្សា ឬថែទាំ គឺរិតតែពិបាកថែមទៀត”។
យើងសង្ឃឹមថា ការគ្រប់គ្រងសួនច្បារសាធារណៈ អំពូលភ្លើងបំភ្លឺសាធារណៈ សន្តិសុខសុវត្ថិភាពសាធារណៈ នឹងបានកាន់តែល្អប្រសើរ បន្ទាប់ពីបានកែសម្រួលយន្តការថ្មី និងតម្លើងកាមេរ៉ាសុវត្ថិភាពជាង ៦០០គ្រឿងបន្ថែមទៀតនេះ៕

មតិយោបល់