ភ្នំពេញ:ដើម្បីងាយស្រួលដល់ការគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្ររបស់កម្ពុជា ឱ្យបានល្អ និងមានប្រសិទ្ធភាពស្របតាមបទដ្ឋានគតិយុទ្ធ និងស្តង់ដារួមមួយ រាជរដ្ឋាភិបាលបានបង្កើតគណៈកម្មាធិការជាតិ គ្រប់គ្រងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា និងបានកំណត់តំបន់ឆ្នេរជា៣ប្រភេទ គឺ ទី១-ឆ្នេរសារធារណៈរបស់រដ្ឋ ទី២-ឆ្នេរសារធារណៈរបស់រដ្ឋ ដោយមានការចូលរួមពីឯកជន និងទី៣-ឆ្នេរកំសាន្តសាធារណៈរបស់រដ្ឋបែបប្រណិត។
លោក នី ផល្លី អគ្គលេខាធិការរងគណៈកម្មាធិការជាតិគ្រប់គ្រងអភិវឌ្ឍន៍តំបន់ឆ្នេរកម្ពុជា បានមានប្រសាសន៍ឱ្យដឹងនៅក្រោយកិច្ចប្រជុំពិភាក្សារបស់គណៈកម្មាធិការនេះ កាលពីថ្ងៃទី១៦ ខែឧសភាឆ្នាំ២០១៦នេះថា “លទ្ធផលនៃកិច្ចប្រជុំព្រឹកនេះ ទទួលបានផ្លែផ្កាជាច្រើន ក្នុងនោះបានពិភាក្សាគ្នាយ៉ាងលម្អិត រវាងអន្តរក្រសួង ដែលមាន លោក ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដនដី នគរូបនីយកម្ម និងសំណង់ ជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងអភិវឌ្ឍន៍តំបន់ឆ្នេរកម្ពុជា និងលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជាអនុប្រធាន ព្រមទាំងមានការចូលរួមពីតំណាងក្រសួងបរិស្ថាន អំពីការកំណត់ប្រភេទឆ្នេរខ្សាច់ស្អាត ដែលមានបែងចែក ជា៣ប្រភេទ ដើម្បីងាយស្រួលដល់ការគ្រប់គ្រង និងការអភិវឌ្ឍន៍”។
លោក នី ផល្លី បានបន្តថា កិច្ចប្រជុំនោះ ក៏បានពិភាក្សាអំពីការរៀបចំកែលំអរឆ្នេរទៅតាមស្តង់ដា បទដ្ឋានគតិយុទ្ធ នូវកន្លែងកំសាន្តដោយបានរៀបចំជាគោលការណ៍ណែនាំរួមមួយ ព្រមទាំងមានការវាយតម្លៃឆ្នេរសមុទ្ររបស់កម្ពុជាទៅជាឆ្នេរស្អាត ដោយមានសូចនាករ មានលក្ខណៈវិនិច្ឆ័យគ្រប់គ្រាន់ និងមានការកំណត់នូវយន្តការក្នុងការគ្រប់គ្រង និងវាយតម្លៃតាមដានឆ្នេរស្អាតរបស់កម្ពុជា។
លោកបញ្ជាក់ថា លើសពីនេះកិច្ចប្រជុំក៏បានកំណត់កោ្លងទ្វារ ចូលកំសាន្តនិមួយៗ ដោយមានដាក់ឈ្មោះឱ្យចំ ដើម្បីឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ គេបានស្គាល់ច្បាស់ ព្រមទាំងមានរៀបចំជាក្បូក្បាច់រចនាបទដែលមានលក្ខណៈជាខ្មែរទំនើប ។ ក្នុងនោះដែរក៏មានកិច្ចពិភាក្សា អំពីសំណង់តូបកញ្ចុះ ដែលមានរៀបចំនៅតាមឆ្នេរកំសាន្តឱ្យត្រូវតាមបទដ្ឋានគតិយុទ្ធ និងស្តង់ដា ដោយធ្វើការសម្របសម្រួលជាមួយអាជីវករដែលមានទីតាំងនៅទីនោះ ដោយមិនអនុញ្ញាឱ្យសង់សំណង់រឹង ខុសបទដ្ឋាន ឬអានាធិបតេយ្យ ដូចរាល់ថ្ងៃនេះទេ ដោយធ្វើការកែសម្រួលចាប់ពីពេលនេះតទៅ។
សូមបញ្ជាក់ថា កន្លងទៅថ្មីៗនេះក្រុមការងារបច្ចេកទេស បានធ្វើកិច្ចការនេះម្តងរួចទៅហើយ ហើយមានការចូលរួមពីប្រជាពលរដ្ឋជាអាជីវករទាំងនោះ ដោយពួកគាត់បានព្រមព្រៀង កែសម្រួលទៅតាមការណែនាំរបស់ក្រុមការងារបច្ចេកទេស សំខាន់ធ្វើយ៉ាងណាឱ្យពួកគាត់លក់ ដូរនៅទីនោះជាបន្ត៕


មតិយោបល់