ព័ត៌មានជាតិ

ម៉ូតូ២គ្រឿងពន្លះគ្នាពេញទំហឹង បណ្តាលឲ្យម្នាក់ស្លាប់ម្នាក់របួស

កោះកុង: លោកអធិការស្រុកថ្មបាំង បានប្រាប់Post Newsថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បន្ទាប់ពីម៉ូតូ២គញរឿង បុកគ្នាពេញទំហឹង បណ្តាលឲ្យមានម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួស។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២និង១៥នាទី រសៀលថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិកណ្តាល ឃុំតាទៃលើ ស្រុកថ្មបាំង ខេត្តកោះកុង ។

ជនរងគ្រោះដែលស្លាប់ខាងលើនេះមានឈ្មោះ ហាក់ ពីឡុត ភេទប្រុស អាយុ៥៤ឆ្នាំ មុខរបរធ្វើចម្ការ ស្នាក់នៅភូមិកើតហេតុខាងលើ ជាអ្នកជិះម៉ូតូម៉ាកវ៉េវ ពណ៌ខ្មៅ គ្មានស្លាកលេខ។ ចំណែកម្នាក់ទៀតឈ្មោះ ចក់ សុភាព ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរធ្វើចម្ការ មានស្រុកកំណើតនៅភូមិជាំស្លា ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង
បច្ចុប្បន្នភូមិត្រពាំងឈើត្រាវ ឃុំឬស្សីជ្រុំ ស្រុកថ្មបាំង រងរបួសចំភ្នែកខាងស្តាំ(ស្រាល) ជាអ្នកជិះម៉ូតូម៉ាកវ៉េវអាល់ហ្វា។

ក្រោយពីហេតុការណ៍នេះបានកើតឡើង សមត្ថកិច្ចនគរបាលមូលដ្ឋាន បានចុះមកធ្វើការវាស់វែងដល់កន្លែងកើតហេតុ ដោយបាននាំយកម៉ូតូទាំង២គ្រឿង យកមករក្សាទុកនៅអធិការដ្ឋានដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយតាមផ្លូវច្បាប់។ ចំណែកសាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់