អាមេរិកៈ រដ្ឋាភិបានក្រុងវ៉ាស៊ីនតោន នៅថ្ងៃអាទិត្យ បានរិះគន់យ៉ាងខ្លាំង ចំពោះការធ្វើតេស្តមីស៊ីលចុងក្រោយបំផុត របស់កូរ៉េខាងជើង និងបានលើកទ្បើងថា ខ្លួនកំពុងធ្វើការយ៉ាងជិតស្និទ្ធ ជាមួយប្រទេសចិន ដើម្បីដោះស្រាយវិបត្តិនេះ។ នេះបើយោងតាមរយៈ សារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧។
ចំពេលមានការព្រួយបារម្ភខ្លាំងថា កូរ៉េខាងជើងអាចនឹងសាកល្បង គ្រាប់បែកនុយក្លេអ៊ែរជាថ្មីម្តងទៀតនោះ មន្ទីរបញ្ចកោណ បាននិយាយថា ការបាញ់បង្ហោះមីស៊ីលមួយ របស់ក្រុងព្យុងយ៉ាង កាលពីមិលម្សិញ ត្រូវបានបរាជ័យ ជាមួយនឹងអាវុធបំផ្ទុះឡើងភ្លាមៗ នៅក្បែរទីក្រុងកំពង់ផែ Sinpo ទាំងព្រឹកព្រលឹម ស្ថិតនៅឆ្នេរសមុទ្រភាគខាងកើត របស់ប្រទេសនេះ។
បន្ទាប់ពីការធ្វើតេស្តនេះ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក H.R. McMaster បានប្រាប់ទីភ្នាក់ងារ ABC News ថា «ឥឡូវនេះ មានការមូលមតិគ្នាជាលក្ខណអន្តរជាតិមួយ ក្នុងនោះរួមទាំងប្រជាជនចិន និងមេដឹកនាំចិន ថា ទង្វើរបស់រដ្ឋាភិបាលកូរ៉េខាងជើង ជាសកម្មភាពមួយ ដែលនឹងមិនអាចឲ្យកើតមាន បន្តទៀតបានទ្បើយ»។
ដោយសារភាពតានតឹងកាន់តែខ្លាំងទ្បើង នៅលើឧបទ្វីបកូរ៉េ លោក McMaster បានឲ្យដឹងថា អាមេរិក និងសម្ព័ន្ធមិត្ត បានសិក្សារាល់សកម្មភាពទាំងអស់ ដើម្បីទប់ស្កាត់បញ្ហានេះ ដែលអាចជាជម្រើសយោធា បើទោះបីជារដ្ឋបាលលោក ត្រាំ មិនទាន់បានសម្រេចថានឹងបញ្ចេញវាក៏ដោយ។
ក្រុមឃ្លាំមើលរបស់កូរ៉េខាងជើង បានរាយការណ៍ថា ឲ្យមានការប្រុងជើងការខ្ពស់ ខណៈមេដឹកនាំលោក គីម ជុងអ៊ុន បានត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើការសាកល្បងនុយក្លេអ៊ែរលើកទីប្រាំមួយ។
អនុប្រធានាធិបតីអាមេរិក លោក Mike Pence ដែលធ្វើដំណើរទស្សនកិច្ច មកដល់ប្រទេសកូរ៉េខាងត្បូង បានប្រកាសថា ប្រធានាធិបតីលោក ដូណាល់ ត្រាំ បានត្រៀមកញ្ចប់នៃជម្រើសជាស្រេច ដើម្បីតបតនឹងសកម្មភាពគឃ្លើនរបស់កូរ៉េខាងជើង ដោយមានទាំងយោធា ការទូត និងជម្រើសផ្សេងៗទៀត ដែលរង់ចាំតែពេលវេលាមកដល់ប៉ុណ្ណោះ។
លោកបន្ថែមទៀតថា «ការបង្កហេតុ ដោយក្រុងព្យុងយ៉ាង ជាការក្រើនរំលឹកហានិភ័យថ្មីមួយ ដែលប្រទេសឯកាមួយនេះ ត្រូវប្រឈមមុខជារៀងរាល់ថ្ងៃ នៅក្នុងការការពារសេរីភាពនៃប្រជាជនរបស់កូរ៉េខាងត្បូង និងកិច្ចការពារចំពោះអាមេរិក សម្រាប់សកលលោកផងដែរ»៕
មតិយោបល់