ព័ត៌មានកីឡា

Chelsea កាន់តែព្រួយបារម្ភ

ក្រុមតោខៀវ Chelsea កំពុងតែមានការព្រួយបារម្ភយ៉ាងខ្លាំង បន្ទាប់ពីក្រុមកំពូលតារាងដុសស្នឹមមួយនេះ ប្រកួតចាញ់ បិសាចក្រហមយប់មិញ។

៤ពិន្ទុពីលើគូប្រជែង Tottenham Hotspur មិនទាន់សុវត្ថិភាពនៅឡើយទេ សម្រាប់ក្រុមតោខៀវ Chelsea ព្រោះការប្រកួតនៅសល់ប្រមាណជា ៥ប្រកួតបន្តទៀត។

ការប្រកួតចាញ់ Man Utd យប់មិញនេះ បានក្លាយជាវិបត្តិមួយសម្រាប់ Chelsea ស្របពេលដែល ក្រុមប្រជែងរបស់ពួកគេ Tottenham បានឈ្នះការប្រកួតយ៉ាងត្រចះត្រចង់។

៥ប្រកួតបន្តទៀតរបស់ Chelsea សុទ្ធសឹងជួបក្រុមល្អៗទាំងអស់ ដោយការប្រកួតសប្តាហ៍ទី៣៤ ប៉ះក្រុម Southamton នៅទឹកដីខ្លួនឯង សប្តាហ៍ទី៣៥ ទៅលេងលើទឹកដី Everton សប្តាហ៍ទី៣៦ទទួលក្រុម Middlesbrough សប្តាហ៍ទី៣៧ ទៅលេងដី West Brom និងសប្តាហ៍ចុងក្រោយទទួលស្វាគមន៍ក្រុម Sunderland។

ប្រសិនបើ Chelsea ភ្លាត់ស្នៀតចាញ់ ឬស្មើ២ប្រកួតក្នុងចំណោម៥ ប្រកួតចុងក្រោយ ស្របពេលដែល Tottenham ឈ្នះទាំង៥ប្រកួតវិញនោះ តោខៀវនឹងរបូតពាន Premier League នៅឆ្នាំនេះហើយ។ ដូច្នេះហើយ តោខៀវ Chelsea នឹងត្រូវប្រកួតយ៉ាងស្វិតស្វាញបំផុតដើម្បីមហិច្ឆតា Premier League៕

មតិយោបល់