ព័ត៌មានជាតិ

ភេសជ្ជៈចម្រុះ ទឹកដោះគោស្រស់ ស្រាបៀរ នំចម្រុះ ត្រូវមន្ត្រីជំនាញរកឃើញខូចគុណភាព

កំពត-កែបៈ យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ មន្រ្តីសាខាកាំកុងត្រូលខេត្តកំពត-កែប ដោយមានការសហការពី មន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានចុះបិតស្ទីកឃ័រអប់រំសុខភាព និងត្រួតពិនិត្យទំនិញនានា នៅតាមផ្ទះលក់ទំនិញ និងម៉ាតទីរួមខេត្តកែប ផ្តោតសំខាន់ទៅលើប្រភេទអាហារដប កំប៉ុង ទំនិញខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ គ្មានស្លាកសញ្ញាត្រឹមត្រូវ ខូចទ្រង់ទ្រាយវេចខ្ចប់ ព្រមទាំងបានណែនាំ ដល់អាជីវករ អ្នកលក់ដូរ ឲ្យមានការយល់ដឹងបន្ថែមទៀតអំពីសុវត្ថិភាពម្ហូបអាហារ និងអនាម័យនៃការដាក់តាំងលក់។

ជាលទ្ធផលរកឃើញទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ មួយចំនួន ដូចជា៖
– ភេសជ្ជ:ចម្រុះ ចំនួន ២៩២ដប និង ៦២២កំប៉ុង ស្មើនឹង ៣២៥.៦២លីត្រ
– ទឹកដោះគោស្រស់ ចំនួន ២ដប ស្មើនឹង ១.៦៦លីត្រ
– ស្រាបៀរ ចំនួន ២៣កំប៉ុង និង ២៤ដប ស្មើនឹង ១៥.៥១លីត្រ
– នំចម្រុះ ចំនួន ៦៣កញ្ចប់ ស្មើនឹង ៥.៣គីឡូក្រាម។
សរុបទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ ដែលដកហូតបានប្រមាណ ៣៤៨.១០ គីឡូក្រាម។

បន្ទាប់មក មន្ត្រីកាំកុងត្រូលបានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកទៅកម្ទេចចោលតាមនីតិវិធី ព្រមទាំងធ្វើការណែនាំដល់អាជីវករ ឲ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕

មតិយោបល់