ព័ត៌មានជាតិ

រន្ធត់! បើកម៉ូតូលឿន បុករះដើមទឹកដោះគោនិងដើមត្នោត រហូតមានស្ត្រីម្នាក់ស្លាប់និង២នាក់របួស

កំពង់ស្ពឺ: លោកអធិការស្រុកភ្នំស្រួច បានប្រាប់Post News ថា មានគ្រោះថ្នាក់ចរាចរណ៍មួយដោយម៉ូតូ១គ្រឿងជិះទៅបុកនឹងដើមទឹកដោះគោ និងដើមត្នោត បណ្តាលឲ្យស្រ្តីម្នាក់ស្លាប់នៅនឹងកន្លែង និង២នាក់ទៀតរបួសធ្ងន់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីល្ងាច ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៧ នៅលើផ្លូវក្រាលកៅស៊ូ ត្រង់ចំណុច ភូមិខ្នងក្រាំង ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

លោកអធិការបានបន្តថា ជនរងគ្រោះទាំង៣នាក់ ទី១មានឈ្មោះ រឹន ចន្នឹ ភេទប្រុស អាយុ១៦ឆ្នាំ, ទី២ឈ្មោះ ហ៊ិន តូច ភេទស្រី អាយុ២០ឆ្នាំ ,និងទី៣ឈ្មោះ វ៉ាត អិត ភេទស្រី អាយុ១៩ឆ្នាំ អ្នកទាំង៣នាក់ស្នាក់នៅភូមិឃុំកើតហេតុខាងលើ។

ប្រភពដដែលបន្តទៀតថា មុនពេលកើតហេតុ គេឃើញម៉ូតូ១គ្រឿង ម៉ាកហុងដា សេ១២៥ ស៊េរី០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ1H- 2268 ជិះពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ បានបុករះដើមទឹកដោះគោ ហើយទៅបុកដើមត្នោត បណ្ដាលស្រ្តីម្នាក់ ស្លាប់នៅកន្លែងកើតហេតុ និងម្នាក់ទៀតក្រោយពេលដឹក មកដល់មន្ទីពេទ្យ បានស្លាប់។

ក្រោយពីកកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើកំណត់ហេតុ និងនាំយកម៉ូតូខាងលើមករក្សាទុកនៅប៉ុស្តិ៍តាំងសំរោង ដើម្បីរង់ចាំសាច់ញាតិមកទទួល។ ចំណែកសាកសព ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់