ភ្នំពេញៈ រថយន្តចំនួន៣គ្រឿងបានរងការខូចខាតយ៉ាងដំណំ ក្រោយពេលបើកបុកបន្តកន្ទុយគ្នា ប៉ុន្តែមិនបានបណ្ដាលឲ្យមានណាម្នាក់រងគ្រោះនោះឡើយ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៤០នាទីព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវ មហាវិថីសហព័ន្ធរុស្ស៊ី ត្រង់ចំណុចស្ថិតនៅក្នុងភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា រថយន្តដែលបានបុកគ្នានោះមាន ម៉ាកCRV ១គ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2L-4326 បើកមុខគេ ហើយត្រូវរថយន្តម៉ាកកាមរីឆ្លាម ពណ៌ត្រីឆ្លូញ ពាក់ស្លាកលេខភ្នំពេញ2L-9267 បើកពីក្រោយ។ ចំណែកឯរថយន្តនៅក្រោយគេម៉ាកកាមរីឆ្លាម ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ2H-1967 ហើយចំពោះអ្នកបើកបររថយន្តទាំង៣គ្រឿងនោះមិនស្គាល់ឈ្មោះឡើយ។
ប្រភពដដែលបានបន្តថា មុនពេលកើតហេតុ គេឃើញរថយន្តទាំង៣គ្រឿងនោះបានបើកបរក្នុងទិសដៅស្របគ្នាពីត្បូងទៅជើងយ៉ាងប្រកៀកប្រកិតគ្នា ដោយរថយន្តម៉ាកCRVបើកមុខគេ។ លុះដល់ត្រង់ចំណុចកើតហេតុ រថយន្តCRVបន្ថយល្បឿន ក៏ត្រូវបានរថយន្តម៉ាកកាមរីឆ្លាមពណ៌ត្រីឆ្លូញ បុកពីក្រោយពេញទំហឹង ស្របពេលនោះដែរ រថយន្តម៉ាកកាមរីឆ្លាម ពណ៌ស្ករ ដែលបើកក្រោយគេបានទៅដល់ ក៏បានបុកពីក្រោយរថយន្តកាមរីឆ្លាម ពណ៌ត្រីឆ្លូញ១តង់ទៀត។
ខណៈនោះបានបង្កឲ្យរថយន្តCRVរងការខូចខាតខាងក្រោយ ចំណែករថយន្តកាមរីឆ្លាមទាំង២គ្រឿងបានរងការខូចខាតមុខយ៉ាងដំណំដូចគ្នា បន្ទាប់មកម្ចាស់រថយន្តទាំង៣គ្រឿងបានដោះស្រាយគ្នាបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕
https://youtu.be/AQr06nZbzaY
មតិយោបល់