ព័ត៌មានជាតិ

បង្រ្កាបហាងខារ៉ាអូខេ លួចបង្កប់ការប្រើប្រាស់ និងជួញដូរគ្រឿងញៀន

ភ្នំពេញៈ ទីតាំងផ្ទះបើកខារ៉ាអូខេដែលពពាក់ពពូនដោយក្រុមស្ទាវប្រុសស្រីទៅប្រមូលផ្តុំគ្នាសេពគ្រឿងពេញបន្ទក់នោះ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ដែលដឹកនាំដោយលោក គួច ចំរើន អភិបាលខណ្ឌដូនពេញ ឆ្មក់បង្រ្កាបជាក់ស្តែង កាលពីរសៀល ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៦ នៅចំណុចផ្ទះលេខ៣៥ ផ្លូវលេខ១១៨ ក្នុងសង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ ដោយឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន៨ ព្រមទាំងដកហូតវត្ថុតាងថ្នាំញៀន រួមជាមួយប្រដាប់ប្រដាប្រើប្រាស់មួយចំនួនទៀត។

ក្នុងប្រតិបត្តិការចាប់បង្រ្កាបហាងខារ៉ាអូខេលក្ខណៈគ្រួសារនោះ លោក គួច ចំរើន អភិបាលខណ្ឌដូនពេញ ឲ្យដឹងថា ជាប់ៗគ្នាប៉ុន្មានថ្ងៃនេះ អាជ្ញាធរខណ្ឌដូនពេញ បានបន្តចាប់បង្រ្កាបការចែកចាយ និងប្រើប្រាស់គ្រឿងញៀនបានជាច្រើនករណីមក ហើយនៅប្លុកបឹងកក់ ដោយឃាត់ខ្លួនជនសង្ស័យប្រុសនិងស្រីជាច្រើន ព្រមទាំងដកហូតវត្ថុតាងថ្នាំញៀនជាច្រើនកញ្ចប់បានបញ្ជូនទៅទីបញ្ជាការអាវុធហត្ថរាជធានី ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

លោកអភិបាលខណ្ឌដូនពេញ បន្តទៀតថា នៅរសៀល ថ្ងៃទី៨ ខែសីហានេះដែរ បន្ទាប់ពីកម្លាំងជំនាញរបស់ខណ្ឌដូនពេញ បានដឹងយ៉ាងច្បាស់ថា នៅទីតាំងផ្ទះបើកហាងខារ៉ាអូខេជាលក្ខណៈគ្រួសារនេះ បាន និងកំពុងបើករកស៊ីដែលមានក្រុមក្មេងប្រុសនិងស្រី មកពពាក់ពពូនគ្នាចូលផឹកស៊ី និងប្រើប្រាស់ថ្នាំញៀននោះ ទើបលោកបានដឹកនាំកម្លាំងអាវុអហត្ថខណ្ឌ និងកម្លាំងប៉ូលិស ចុះទៅចាប់បង្រ្កាបជាក់ស្តែង ដោយឃាត់ជនសង្ស័យចំនួន៨នាក់ ក្នុងនោះ ស្រី២នាក់ ព្រមទាំងដកហូតថ្នាំញៀនចំនួន៨កញ្ចប់ រួមទាំងប្រដាប់ប្រដាប្រើប្រាស់មួយចំនួន ដើម្បីបញ្ជូនទៅទីញ្ជាការកងរាជអាវុធហត្ថរាជធានីចាត់ការបន្ត៕

photo_2016-08-08_17-06-33photo_2016-08-08_17-06-35photo_2016-08-08_17-06-37photo_2016-08-08_17-06-39photo_2016-08-08_17-06-40photo_2016-08-08_17-06-42photo_2016-08-08_17-06-44photo_2016-08-08_17-06-47photo_2016-08-08_17-07-02photo_2016-08-08_17-07-07

មតិយោបល់