កណ្តាលៈ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តរបស់សមត្ថកិច្ចចេញពីបេសកម្មអង្គរសង្ក្រាន្តនៅសៀមរាប បានបុកជាមួយនឹងម៉ូតូសេ១២៥ ពណ៌ខ្មៅ ដែលកំពុងជិះឌុបគ្នាដោយនារី២នាក់ បណ្តាលឲ្យដួលម្នាក់បាក់ជើង ម្នាក់ទៀតបាក់ភ្លៅ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទី ល្ងាចថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវជាតិ៣៨០ ក្នុងភូមិស្វាយអាត់ក្រោម ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
សមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បង្កឡើដោយរថយន្តម៉ាក Mazada B.T50 ពណ៌សលាយខ្មៅ ពាក់ស្លាកលេខ នគរបាល 2-7016 បើកបរដោយឈ្មោះ សៅ ចាន្នី ភេទប្រុស អាយុ៥៥ឆ្នាំ ស្នាក់នៅសង្កាត់បឹងទំពុន ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ រួមដំណើរជាមួយនិងមនុស្សប្រុសស្រី២នាក់ទៀត ទី១ឈ្មោះ សុខ សម្បត្តិ ភេទស្រី អាយុ៤៨ឆ្នាំ នៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ និងទី២ឈ្មោះ យឹម ផល្លី ភេទប្រុស អាយុ៦៥ឆ្នាំ នៅសង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានី
ភ្នំពេញ បើកបរក្នុងទិសដៅពីជើងទៅត្បូង លុះបានមកដល់ចំណុចកើតហេតុ ក៏បានបុកជាមួយនឹងម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1K-3130 ដែលកំពុងបើកបរក្នុងទិសដៅពីត្បូងទៅជើង ជិះដោយឈ្មោះ សួន ចាន់ដេត ភេទស្រី អាយុ១៨ឆ្នាំ ស្នាក់នៅភូមិព្រែកតាទន់ ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល (រងរបួសធ្ងន់ បាក់ជើងឆ្វេង) និងអ្នករួមដំណើរជាមួយម្នាក់ទៀត ឈ្មោះ ស្រៀន ឆេងគង់ ភេទស្រី អាយុ១៧ឆ្នាំ ស្នាក់នៅភូមិព្រែកតាទន់ ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្ដាល ខេត្ត កណ្ដាល (រងរបួសធ្ងន់បាក់ភ្លៅឆ្វេង)។
ក្រោយកើតហេតុ ជនរងគ្រោះទាំង២នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យនៅឯភ្នំពេញ ចំណែកម៉ូតូនិងរថយន្ដ ត្រូវបានសមត្ថកិច្ចជំនាញធ្វើការវាស់វែង យកទៅរក្សារទុកនៅអធិការនគរបាលស្រុកខ្សាច់កណ្ដាល ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយតាមផ្លូវច្បាប់៕
មតិយោបល់