ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង ប្រកាសមិនញញើតទៅនឹងសង្រ្គាមណាមួយ ជាមួយអាមេរិកទ្បើយ ដោយនឹងបន្តបាញ់មីស៊ីលថ្មីមួយទៀត

UN: ប្រទេសកូរ៉េខាងជើង បាននិយាយថា ត្រៀមខ្លួនរួចជាស្រេច ចំពោះស្ថានការណ៍ណាមួយ នៃសង្គ្រាម ដែលបង្កឡើងដោយសកម្មភាពយោធាអាមេរិក ដោយប្រេសិតទីក្រុងព្យុងយ៉ាង ប្រចាំអង្គការសហប្រជាជាតិ បានព្រមានកាលពីថ្ងៃចន្ទថា ប្រទេសរបស់លោក នឹងបន្តសាកល្បងមីស៊ីល ឬធ្វើការវាយប្រហារនុយក្លេអ៊ែរ បើទោះបីមានការថ្កោលទោសពីអន្តរជាតិ និងការកើនឡើងភាពតានតឹងផ្នែកយោធា ជាមួយអាមេរិកក៏ដោយ។ នេះបើយោងតាមរយៈ សារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី ១៨ ខែមេសា ឆ្នាំ២០១៧។

សេចក្តីថ្លែងការណ៍ពីឯកអគ្គរដ្ឋទូតរងរបស់កូរ៉េខាងជើង ទៅអង្គការសហប្រជាជាតិ លោក Kim In Ryong បានធ្វើទ្បើងបន្ទាប់ពីព្រមានពីអនុប្រធានាធិបតីអាមេរិក លោក Mike Pence ទៅកាន់ក្រុងព្យុងយ៉ាងថា «កុំចង់សាកល្បង នូវភាពអត់ធ្មត់ ឬក៏ជាមួយកម្លាំងយោធារបស់អាមេរិកឲ្យសោះ»។

ដោយលោក Kim បានប្រាប់សន្និសីទកាសែតមួយ នៅទីស្នាក់ការអង្គការសហប្រជាជាតិ ក្នុងទីក្រុងញូយ៉កថា « ប្រសិនបើអាមេរិកហ៊ានជ្រើសរើសយកសកម្មភាពយោធា ( … ) កូរ៉េខាងជើងត្រៀមខ្លួនជាស្រេច ដើម្បីតបតទៅនឹងសកម្មភាពណាមួយនៃសង្រ្គាម ដែលបង្កដោយរដ្ឋាភិបាលអាមេរិក»។ លោកបន្តថា «យើងនឹងប្រុងជើងការខ្ពស់បំផុត ដើម្បីប្រឆាំងនឹងការបង្កហេតុនោះ»។

សូមជំរាបថា កូរ៉េខាងជើងបានចាត់វិធានការ នៅក្នុងការការពារដោយខ្លួនឯង ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែង ចំពោះសកម្មភាពយោធាអាមេរិក ដែលទាំងនេះ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្រុងព្យុងយ៉ាង ដោយការតបតវាជាមួយអាវុធនុយក្លេអ៊ែរ និង ICBM សំដៅទៅមីស៊ីលផ្លោងអន្តរទ្វីប៕

មតិយោបល់