គេហទំព័រមួយនៅជប៉ុនឈ្មោះ Macotakara បានបង្ហោះផ្សាយរបាយការណ៍ថ្មីមួយ ជាមួយនិងព័ត៌មានលំអិតនៃ iPhone ជំនាន់បន្ទាប់ដែលរំពឹងនឹងចេញនាឆ្នាំក្រោយ។ ស្មាតហ្វូនជំនាន់បន្ទាប់របស់ Apple ម៉ូឌែល iPhone 8 ត្រូវបានគេបញ្ជាក់ប្រាប់ថ្មីម្តងទៀតថា នឹងរចនាឡើងដោយវត្ថុធាតុដើមដែលផលិតនូវ iPhone 4។ គេហទំព័រនេះ ក៏បានបង្ហាញឲ្យដឹងថា iPhone 7s /7s Plus ស៊េរីថ្មី នឹងធ្វើកំណែមិនសូវជាខុសប្លែកប៉ុន្មានទេ ហើយប្រហែលជាគ្រាន់តែមានរាងក្រាស់ជាង iPhone 7/7 Plus បន្តិចបន្តួចប៉ុណ្ណោះ។
ចំពោះ iPhone 8 ត្រូវបានគេហទំព័រដដែលរំពឹងទុកជាមុនថា វានឹងរុំព័ទ្ធដោយលោហៈធាតុមិនច្រេះ ខណៈដែលផ្ទៃខាងមុខនិងក្រោយ គឺក្រាលទៅដោយសារធាតុកញ្ចក់ពីលើ។ ដូចដែរយើងបានដឹងហើយថា ក្រុមហ៊ុន Apple ធ្លាប់បានប្រើប្រាស់បន្ទះកញ្ចក់ក្រាលពីលើផ្ទៃខាងមុននិងក្រោយ iPhone 4 /4s និងរុំព័ទ្ធដោយលោហៈធាតុមិនច្រេះជុំវិញនៃដងខ្លួន អំឡុងឆ្នាំ ២០១០ – ២០១១។ លោក Ming-Chi Kuo ដែលជាអ្នកវិភាគមួយរូប ក៏បានទាយទុកជាមុនដែរថា រចនាបថថ្មីរបស់ iPhone នឹងយកលំនាំតាមម៉ូឌែលចាស់គឺ iPhone 4។
Macotakara បានបន្ថែមថា iPhone 8 នឹងរក្សាលក្ខណៈពិសេសកាមេរ៉ាភ្លោះ ដែលបានណែនាំនៅលើ iPhone 7 Plus។ យ៉ាងណាក្តី កាមេរ៉ាភ្លោះដែលមានរាងផ្តេក នឹងប្រែទៅជារាងបញ្ឈរវិញ។
គួរបញ្ជាក់ថា Apple បានធ្វើកំណែពី iPhone 6 និង iPhone 6 Plus ទៅជា iPhone 6s និង iPhone 6s Plus ឲ្យមានរាងក្រាស់ និងតួខ្លួនមាំជាងមុន ដើម្បីបន្ថែមនូវមុខងារ 3D Touch ជាមួយនឹងអេក្រង់ប្រើកម្លាំងសង្កត់៕
ប្រភពព័ត៌មាន៖ 9to5mac.com
មតិយោបល់