ព័ត៌មានជាតិ

ឃាត់ខ្លួនបុរសម្នាក់នៅផ្ទះសំណាក់តាយហេង បន្ទាប់ពីបោកម៉ូតូមិត្តយកទៅបញ្ចាំយកលុយលេងល្បែង

ភ្នំពេញ: បុរសជាជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ទន្លេបាសាក់ ចាប់ឃាត់ខ្លួន ក្រោយពីរូបគេបានខ្ចីម៉ូតូម៉ាកហុងដាសេ១២៥ មួយគ្រឿងពីបុរសជាមិត្តភក្តិម្នាក់យកទៅបញ្ចាំបានលុយចំនួន៥០០ដុល្លារ ចូលកាស៊ីណូ ណាហ្គា លេងល្បែងចាញ់អស់គ្មានសល់នោះ។

ការឃាត់ខ្លូននេះដែរបានធ្វើឡើងកាលពីវេលាម៉ោង ៩ ព្រឹក ថ្ងៃទី១៨ ខែមេសា ឆ្នាំ ២០១៧ នៅផ្ទះសំណាក់ តាយហេង ផ្លូវសុធារស ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីមន្ត្រីនគរបាលម្នាក់បានឲ្យដឹងថា បុរសជាជនសង្ស័យមានឈ្មោះ ឡាយ ធីម អាយុ២៨ឆ្នាំ មុខរបរបើកឡានដឹកសិស្ស ស្នាក់នៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មានស្រុកកំណើតស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។ ចំណែកជនរងគ្រោះមានឈ្មោះ ញឹប អុល ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរនិស្សិត ស្នាក់នៅផ្ទះជួល ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

មុនពេលកើតហេតុកាលពីវេលាម៉ោង ១០យប់ ថ្ងៃទី១៧ ឆ្នាំ២០១៧ កន្លងមកនេះ បុរសជាជនសង្ស័យខាងលើបានខ្ចីម៉ូតូម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០១៣ ពាក់ស្លាកលេខកំពត1G-6750 មួយគ្រឿងថា «យកជិះទៅដើរលេង»។ លុះព្រឹកឡើងរូបគេក៏បានត្រឡប់មកវិញកាន់ផ្ទះសំណាក់វិញ ដោយមិនបានឃើញម៉ូតូរបស់បុរសរងគ្រោះ ក៏បានសួរនាំទើបបានដឹងថា «ម៉ូតូរបស់ខ្លួនត្រូវបានរូបគេយកទៅបញ្ចាំបានលុយចំនួន ៥០០ដុល្លារ និងយកទៅចូលកាស៊ីណូ ណាហ្គា លេងល្បែងចាញ់អស់»ក៏ចាប់ខ្លួនយកមកប្រគល់ឲ្យកម្លាំងមានសមត្ថកិច្ចតែម្តង។

ក្រោយពីទទួលបាននូវការសារភាពពីបុរសជាជនសង្ស័យរួចហើយ កម្លាំងនគរបាលប៉ុស្តិ៍ទន្លេបាសាក់ក៏បានធ្វើការសាកសួរ និងកំណត់ហេតុបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចម្ការមន ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ជាបន្តទៅទៀត៕

មតិយោបល់