ព័ត៌មានជាតិ

ឲ្យកូនស្រីទៅជាមួយគូដណ្ដឹងជាង១០ថ្ងៃ មិនឃើញត្រឡប់មកវិញ ម្ដាយរត់មកប្តឹងសមត្ថកិច្ច

ភ្នំពេញ: ភ្នាក់ងារ Post News បានរាយការណ៍មកថា មានករណីនារីកម្មការិនីម្នាក់បានសុំម្ដាយ ទៅលេងស្រុកកំណើតខាងគូដណ្ដឹង ស្រាប់តែបាត់ រយ:ពេលជាង ១០ថ្ងៃទៅហើយ មិនឃើញត្រឡប់មកផ្ទះវិញសោះ ទូរសព្ទក៏ខលលែងចូល ចំណែកគាត់មិនបានស្គាល់ផ្ទះ សម្បែងអនាគតកូនប្រសារថែមទៀតនោះ ដែលជាហេតុធ្វើឲ្យគាត់មានការភ័យព្រួយរកទីបំផុតគ្មានទើបគាត់ បានកាន់រូបថតកូនស្រីខាងលើ ធ្វើដំណើរទៅកាន់ប៉ុស្ដិ៍នគរបាលចោមចៅ ដើម្បីសុំឲ្យនគរបាលជួយអន្តរាគមន៏កាលពីវេលាម៉ោង ៦ល្ងាចថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧។

កូនស្រីដែលកំពុងបាត់ខ្លួននោះឈ្មោះ អ៊ន ស្រីចម អាយុ១៨ឆ្នាំ មុខរបរកម្មការិនីរោងចក្រកាត់ដេរ ចំណែកស្រ្តី ជាម្ដាយដែលកំពុងតាមរកកូននោះឈ្មោះ ម៉ា ចាន់ អាយុ៤៣ឆ្នាំ មានមុខរបរជាកម្មការិនីងរោងចក្រកាត់ដេរ មានស្រុកកំណើតនៅ ក្នុងភូមិខ្នាច ឃុំសេដ្ឋី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង និងស្នាក់នៅផ្ទះជួលម្ដុំភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ ដោយឡែកគូដណ្ដឹងកូនស្រី និងជាអនាគតកូនប្រសាគាត់នោះ ឈ្មោះ ពិសិទ្ធ មានស្រុកកំណើតនៅក្នុងខេត្ត ព្រៃវែង ។

ស្រ្តីជាម្ដាយបាននិយាយថា កូនស្រីគាត់បានភ្ជាប់ពាក្យជាមួយយុវជន ឈ្មោះ ពិសិទ្ធ នោះដោយមានចាស់ ទុំចូលស្ដីដណ្ដឹងតាមទំនៀមទម្លាប់ប្រពៃណីខ្មែរត្រឹមត្រូវ កាលពីអំឡុង ថ្ងៃបុណ្យភ្ជុំបិណ្ឌក្នុងឆ្នាំ២០១៦កន្លង ទៅនេះ នៅក្នុងផ្ទះជួលក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ ដោយមិនបានទៅធ្វើនៅឯស្រុកកំណើតនោះឡើយ ។ ដោយខាងប្រុសបានព្រមជូនថ្លៃទឹកដោះចំនួន១,៥០០ដុល្លារ និង បានកំណត់យកថ្ងៃរៀបអាពាហ៏ពិពាហ៏ នៅក្នុងខែសីហា ឆ្នាំ២០១៧ គឺរយ:៤ខែខាងមុខនេះហើយចាប់តាំងពីពេលនោះមក គាត់មិនដែលបាន ស្គាល់ស្រុកកំណើតខាងអនាគតកូនប្រសារនោះទេ គ្រាន់តែដឹងថានៅក្នុងខេត្តព្រៃវែងតែប៉ុណ្ណោះ ដូច្នេះហើយទើបពេលបាត់កូនស្រីគាត់មិនអាចទៅតាមរកឃើញឡើយ ។

ប្រភពដដែលបានបន្តថា កូនស្រីគាត់បានសុំទៅលេង ស្រុកកំណើតគូដណ្ដឹង កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៧ ដោយនាងបានប្រាប់គាត់ថានឹងវិលត្រឡប់ទៅផ្ទះវិញឲ្យទាន់ថ្ងៃចូលឆ្នាំខ្មែរ ប៉ុន្តែក៏បាត់រហូត ដល់ថ្ងៃទី១៦ ទើបគាត់ខលទៅសួរកូនស្រីថា តើកូនត្រឡប់មកផ្ទះវិញថ្ងៃណា ? ព្រោះត្រូវចូលធ្វើការវិញនៅ ថ្ងៃទី១៨ហើយ ។ ពេលនោះកូនស្រីបានប្រាប់គាត់ថា ម៉ែខ្ញុំដឹងហើយតែថ្ងៃទី១៧ ទើបខ្ញុំបានទៅវិញ ពេលនេះ អត់មានរថយន្តឈ្នួលជិះទៅទេ ហើយចាប់ពីពេលនោះ មកក៏ដាច់ការទាក់ទងដោយ ទូរសព្ទរបស់នាងខល លែងចូលរហូតតែម្ដង ។ ដែលជាហេតុធ្វើ ឲ្យគាត់មានការព្រួយបារម្ភខ្លាំងណាស់ បើកូនបានសុខគាត់ត្រេកអរ ប៉ុន្តែខ្លាចកូនមានគ្រោះថ្នាក់ដល់ស្លាប់ ទើបគាត់សុំឲ្យនគរបាលជួយអន្តរាគមន៏ ៕

មតិយោបល់