ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ជាជនជាតិឡាវ ពាក់ព័ន្ធករណីជូញដូរគ្រឿងញៀន១កញ្ចប់ធំ

ស្ទឹងត្រែង: កម្លាំងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀនខេត្តធ្វើការឃាត់ខ្លួនជនសង្ស័យជាជនជាតិឡាវម្នាក់ពាក់ព័ន្ធករណីចែកចាយថ្នាំញៀន កាលពីវេលាម៉ោង០៨:០០នាទីព្រឹកថ្ងៃទី១៦ឧសភា ២០១៦ ព្រមទាំងដកហូតបានវត្ថុតាងគ្រឿងញៀនប្រភេទមេតំហ្វេតូមីន(ទឹកកក)មួយកញ្ចប់ធំ ត្រង់ចំណុច អូរប្រាំស្ថិតក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ការចុះបង្ក្រាបករណីខាងលើនេះសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះខាំ ផាផូស៊ីភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិឡាវ មុខរបរកសិករ រស់នៅ ភូមិគីឡូលេខ៨ ស្រុកប៉ាក់សាន់ ខេត្តបលិខាំសៃ។

ក្រោយការឃាត់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ចដកហូតបានវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតូមីន ពណ៌សថ្លា(ម៉ាទឹកកក)ចំនួនមួយកញ្ចប់ធំ ដែលមានទម្ងន់ជិត១គីឡូក្រាម។

បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានសមត្ថកិច្ចនាំខ្លួនយកមកស្នងការនគរបាលខេត្ត ដើម្បីធ្វើការសាកសួរបន្ថែមព្រមទាំងកសាងសំណុំរឿងបញ្ជូនខ្លួនបន្តទៅកាន់តុលាការដាក់ទោសទៅតាមនិតិវិធីច្បាប់៕

photo_2016-05-16_11-40-17 photo_2016-05-16_11-40-18

មតិយោបល់