ព័ត៌មានជាតិ

Update៖ វាយប្លន់ម៉ូតូបានសម្រេច ទាំងកណ្ដាលថ្ងៃត្រង់នៅសង្កាត់ពងទឹក

ភ្នំពេញៈ ភ្នាក់ងារPost News បានរាយការណ៍មកថា មានករណី ចោរប្លន់២នាក់បានប្រើដំបងដែកបំពង់ទីប ធ្វើសកម្មភាពវាយបុរសម្នាក់បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ និងធាក់ ធ្លាក់ចូលទៅក្នុងប្រឡាយទឹកមួយកន្លែង បន្ទាប់មកយកម៉ូតូស៊េរីទំនើប១គ្រឿងទៅបាត់ដោយសុវត្ថិ ភាព ខណៈពេលដែលជនរងគ្រោះទើបនិងទិញម៉ូតូបានថ្មីៗ ហើយជិះត្រឡប់មកពីធ្វើស្លាកលេខនៅសាលាខណ្ឌដង្កោ ក្នុងបំណងទៅផ្ទះដល់ពាក់កណ្ដាលផ្លូវ។

ហេតុការណ៏នោះបានកើតឡើង បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ នៅតាមផ្លូវស្ថិតនៅក្នុងភូមិឃ្លះសណ្ដាយ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ អាំ វាសនា អាយុ២៦ឆ្នាំ មានទីលំនៅក្នុងភូមិត្រពាំងសាលា សង្កាត់ពងទឹក ខណ្ឌដង្កោ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូ១គ្រឿងខាងលើទៅធ្វើស្លាកលេខ នៅសាលាខណ្ឌដង្កោ លុះក្រោយពេលកឹបស្លាកលេខរួច បានជិះម៉ូតូត្រឡប់ទៅផ្ទះវិញ លុះទៅដល់ចំណុចកើតហេតុខាងលើ ក៏ត្រូវបានក្រុមចោរ២នាក់នោះ ធ្វើសកម្មភាពកៀរឲ្យឈប់និងវាយព្រមទាំងធាក់ទម្លាក់ចូលប្រឡាយទឹក បណ្ដាលឲ្យរងរបួសបែកក្បាលយ៉ាងធ្ងន់ធ្ងរ បន្ទាប់មកពួកចោរបានយកម៉ូតូជិះគេច ខ្លួនបាត់ដោយសុវត្ថិភាពតែម្ដង។

ចំណែកម៉ូតូដែលត្រូវចោរប្លន់យកទៅនោះ ម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1GJ-9376 រីឯក្រុមចោរមានគ្នា២នាក់ស្លៀកពាក់ស៊ីវិល ជិះម៉ូតូ១គ្រឿងម៉ាកស៊ុយ ហ្ស៊ុយគីស្មាស់ ពណ៌ខ្មៅ និងប្រើដំបងដែកបំពង់ទីប១ដើម។

ក្រោយពេលកើតហេតុកម្លាំងនគរបាលខណ្ឌដង្កោបានចេញអន្តរាគមន ប៉ុន្តែរកមិនឃើញចោរឡើយ ចំណែកជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់ភ្លាមៗដែរ៕

https://youtu.be/TwgvPUSU3kA

មតិយោបល់