បន្ទាយមានជ័យៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា រថយន្តនិងម៉ូតូសណ្តោងលួចដឹកជ្រូក១៩ក្បាលចេញពីថៃ ចូលមកខ្មែរតាមច្រករបៀងត្រូវ លោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ និងកម្លាំងយោធាទំនាក់ទំនងព្រំដែនច្រកបឹងត្រកួន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានចុះស្ទាក់ចាប់បានជាបន្តបន្ទាប់ ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ករណីទី១នៅវេលាម៉ោង១និង៣១នាទីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ មានរថយន្តម៉ាក TOYOTA CAMARY ពណ៌ឈាមជ្រូក ពាក់ផ្លាកលេខភ្នំពេញ 2B-1715 បានលួចដឹកជ្រូករស់ចំនួន៨ក្បាល ចេញពីប្រទេសថៃតាមច្រកអូរកំបុត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ឆ្ពោះយកមកចែកចាយនៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់ ក្រុមការងារបានឃាត់នៅភូមិថ្មី ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
ចំណែកករណីទី២ នៅវេលាម៉ោង៣ និង៦នាទីទៀបភ្លឺ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមការងារឃាត់បានម៉ូតូសន្ដោងរ៉ឺម៉កមួយគ្រឿង ម៉ាក HONDA WAVE ពណ៌ខ្មៅលាយបៃតង់ ដឹកសត្វជ្រូករស់ចំនួន១១ក្បាល នៅភូមិស្នួលទ្រេត ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ ជ្រូករស់ទាំងនេះដឹកមកពីប្រទេសថៃតាមច្រកអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ យកទៅចែកចាយនៅ ខេត្តបាត់ដំបង ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់ ។
វត្ថុតាងទាំង២ករណីសរុបមានសត្វជ្រូក១៩ក្បាលនោះត្រូវសមត្ថកិច្ចចម្រុះយកមករក្សាទុក នៅទីតាំងចត្តាឡីស័កសត្វរបស់ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់ ៕
មតិយោបល់