កំពង់ចាមៈ លោកអធិការរងស្រុកស្ទឹងត្រង់ បានប្រាប់Post News ថា មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីបុរសម្នាក់ ខឹងនឹងខ្លួនឯង ដែលបានប្រើហិង្សាយកពូថៅកាប់ទៅលើប្រពន្ធបណ្តាលឲ្យរបួស បែរជាគិតអីមិនចេញធ្វើអត្តឃាតចងកសម្លាប់ខ្លួនស្លាប់នៅលើដើមចន្ទី។
ហេតុការណ៍នេះបានកើតឡើងកាលពីចន្លោះម៉ោង៤-៥ ព្រឹកថ្ងៃ១៩ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅចំណុចអន្លង់ទូក ក្នុងភូមិថ្មីឃុំដងក្តារ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
សមត្ថកិច្ចបានឲ្យដឹងថា សាកសពជនរងគ្រោះមានឈ្មោះ សំ ឌុម ភេទប្រុស អាយុ៧០ឆ្នាំ ស្នាក់នៅភូមិអូរកាប់មាន់ ឃុំអូរម្លូ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានយកក្រម៉ា មកចងក នឹងមែកចន្ទីខាងក្រោយផ្ទះរបស់ខ្លួន ចម្ងាយ៣០០ម៉ែត្រ បណ្តាលឲ្យស្លាប់។
សមត្ថកិច្ចបានបញ្ជាក់ទៀតថា មូលហេតុ គឺកាលពីវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ ជនរងគ្រោះបានឈ្លោះជាមួយប្រពន្ធ ដោយសារតែប្រចណ្ឌ័ខឹងប្រពន្ធមិនរួមដំណេកជាមួយ ហើយបានយកពូថៅ កាប់ទៅលើប្រពន្ធរបស់គាត់ឈ្មោះ ជិន គីម បណ្តាលឲ្យរងរបួសធ្ងន់ ហើយបានយកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តកំពង់ចាម។ ក្រោយពីកាប់ប្រពន្ធរួច គាត់បានគេចខ្លួនបាត់លុះដល់វេលាម៉ោង៨និង៣០នាទី ពេលម្ចាស់ចម្ការមករើសគ្រាប់ចន្ទីរ ក៏ប្រទះឃើញសាកសពចងកនៅដើមចន្ទីរ ក្នុងចម្ការរបស់គាត់តែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកធ្វើការពិនិត្យនិងធ្វើកោសល្យវិច័យទៅលើសាកសពជនរងគ្រោះបានឲ្យដឹងថា សពជនរងគ្រោះពិតជាស្លាប់ដោយសារតែការធ្វើអត្តឃាតចងកសម្លាប់ខ្លួនពិតប្រាកដមែន។ចំណែកសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់