Post News Media ព័ត៌មានជាតិ ឃាត់ខ្លួនចោរស...

ឃាត់ខ្លួនចោរស្រី ជំនាញលូកហោប៉ៅយកកាបូបទូរសព្ទម្នាក់ នៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ: ភ្នាក់ងារ Post News បានរាយការណ៍មកថា ចោរស្រីជំនាញខាងលូកហោប៉ៅយកកាបូបលុយនិងទូរសព្ទ នៅតាមទីផ្សារម្នាក់បានធ្វើសកម្មភាព លូកយកកាទូរសព្ទដៃពីស្ត្រីអ្នករៀនសំអាងការម្នាក់ ប៉ុន្តែត្រូវបាននាងឃើញទាន់ ក៏បានធ្វើការចាប់ខ្លួន ប្រគល់ឲ្យនគរបាលប៉ុស្ដិ៍ចោមចៅធ្វើការសាកសួរ និងកសាងសំណុំរឿង ចាត់ការតាមផ្លូវច្បាប់ កាលពីវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ នៅចំណុចក្នុងផ្សារមួយកន្លែងស្ថិតនៅមុខរោងចក្រកាត់ដេរស្បែកជើងយីហោ (EVC) ក្នុងភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យខាងលើនោះឈ្មោះ អ៊ុច អូន អាយុ៣២ឆ្នាំ ស្នាក់នៅក្នុងភូមិកើតហេតុខាងលើ នគរបាលបានធ្វើ ការដកហូតយកបាន ម៉ូតូ១គ្រឿងម៉ាកហុងដាស្កូបពីពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1CQ-2238 ទូរសព្ទពីស្ត្រីរូបនេះចំនួន៤គ្រឿងក្នុងនោះមាន ម៉ាកLG១គ្រឿងដែលមានស៊ីមលេខ 070 21 61 32 ,ម៉ាកអាយហ្វូនហ្វាយ១គ្រឿង ដែលមានស៊ីមលេខ 016 26 22 13 ,ម៉ាកអាយហ្វូនស៊ីក១គ្រឿង ដែលមានស៊ីមលេខ 016 51 17 00 ,ម៉ាកណូគាគ្មានស៊ីម១គ្រឿង ,កាបូបលុយចំនួន៣ ដែលមានលុយចំនួន១២ម៉ឺនរៀល ។ ចំណែកស្ត្រីដែលជា ជនរងគ្រោះឈ្មោះ ម៉េង គឹមហ័រ អាយុ២៤ឆ្នាំ មុខរបររៀនសំអាងការ ស្នាក់នៅក្នុងភូមិកើតហេតុខាងលើ ។

ស្ត្រីរងគ្រោះបានឲ្យដឹងថា នៅពេលកើតហេតុពេលដែលនាងកំពុងដើរទិញម្ហូបនៅក្នុងផ្សារ ស្រាប់តែជនសង្ស័យខាងលើ ធ្វើសកម្មភាពលូកយកទូរសព្ទនៅក្នុងហោប៉ៅអាវរបស់នាង ប៉ុន្តែត្រូវនាងឃើញទាន់ ក៏ចាប់ខ្លួនបានតែម្ដង រួចហើយបាននាំទៅប្រគល់ឲ្យ នគរបាលប៉ុស្ដិ៍ចោមចៅ ចាត់ការទៅតាមផ្លូវច្បាប់តែម្ដង ៕