ភ្នំពេញ: នគរបាលខណ្ឌជ្រោយចង្វារ ឃាត់ខ្លួនជនសង្ស័យម្នាក់ ព្រមទាំងដកហូតថ្នាំញៀន ជាង២០កញ្ចប់តូចធំ កាលពីវេលាម៉ោង ៣និង៣០នាទីរសៀល ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ ដែលស្ថិតនៅក្រុម៨ ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ សេង តិញ ភេទប្រុស អាយុ ៣៤ឆ្នាំ មានមុខរបរ រត់ម៉ូតូឌុប មានទីលំនៅផ្ទះជួល ភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។
នៅក្នុងប្រតិបត្តិការនេះដែរ គឺកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ព្រែកលៀប សហការជាមួយកម្លាំងសមត្ថកិច្ចខណ្ឌ បានធ្វើការជិះល្បាតពួនស្ទាក់ក្នុងមូលដ្ឋាន ដោយមានការសង្ស័យលើបុរសម្នាក់ ហើយសមត្ថកិច្ចបានឃាត់ខ្លួនតែម្តង ដោយនៅពេលឃាត់ខ្លួននោះ ដកហូតបានម្សៅក្រាមពណ៌សថ្លា ចំនួន ២១កញ្ចប់តូចធំ ព្រមទាំងប្រាក់រៀលចំនួន ២០៨៥០០ម៉ឺនរៀល,ទូរសព្ទដៃ១គ្រឿង និងម៉ូតូ១គ្រឿង ម៉ាកវ៉េវ ស៊េរីចាស់ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1B-0040។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់៕




មតិយោបល់