ភ្នំពេញ: ភ្នាក់ងារ Post News បានរាយការណ៍មកថា មានរថយន្តពីរគ្រឿងបើកបរដោយខ្វះការអធ្យាស្រ័យបុកគ្នានៅត្រង់ចំណុចផ្លូវបំបែកជាបួន សំណាងល្អមិនបណ្តាលឲ្យមាននរណាម្នាក់រងគ្រោះថ្នាក់ក្នុងករណីរថយន្តពីរគ្រឿងបុកគ្នានៅត្រង់ចំណុចផ្លូវបំបែកជាបួននោះទេ ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះដែរបានកើតឡើងកាលពីវេលាម៉ោង ៤ និង ៣០នាទីល្ងាច ថ្ងៃទី ២០ ខែ មេសា ឆ្នាំ ២០១៧ នៅចំណុចផ្លូវលេខ ១៧៤ កែងនិងផ្លូវលេខ ៤២៦ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ។
តាមប្រភពបន្តថា មុនពេលកើតហេតុគេបានឃើញរថយន្តម៉ាក មែសឺដែស ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ២G-២០០៩ មួយគ្រឿង បើកបរដោយបុរសវ័យចំណាស់ម្នាក់ ដោយមានស្ត្រីជាប្រពន្ធរួមដំណើរផងដែរនោះ បានធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត ។ លុះមកដល់ចំណុចកើតហេតុខាងលើក៏ស្រាប់តែមានរថយន្តម៉ាក តាកូម៉ា ព៌ណស ពាក់ស្លាកលេខ ភ្នំពេញ ២AK-៤៩៦៨ មួយគ្រឿង បើកបរក្នុងទិសដៅពីត្បូង ទៅជើង ដោយខ្វះការអធ្យាស្រ័យគ្នាទៅវិញទៅមកនោះ ក៏បានបុកគ្នាបណ្តាលឲ្យរងការខូចខាតទាំងសងខាងតែម្តង សំណាងល្អមិនបានបណ្តាលឲ្យមានមនុស្សណាម្នាក់រងគ្រោះថ្នាក់ឡើយ ។
ក្រោយពេលកើតហេតុ កម្លាំងនគរបាលមូលដ្ឋានក៏បានចុះមកដល់ធ្វើការវាស់វែងរកខុសត្រូវ និងឲ្យភាគីទាំងពីរធ្វើការសម្របសម្រួលគ្នានៅនឹងកន្លែងកើតហេតុ និងកុំឲ្យមានរឿងវែងឆ្ងាយនោះភាគីរថយន្តម៉ាកតាកូម៉ា យល់ព្រមជួយចេញថ្លៃជួសជុលមួយចំណែក ដល់ភាគីរថយន្តមែសឺដែស ដើម្បីបញ្ចប់រឿងផងដែរ ៕
មតិយោបល់