Post News Media ព័ត៌មានជាតិ បុរសម្នាក់ដើរ...

បុរសម្នាក់ដើរឆ្លងផ្លូវ ត្រូវរថយន្តបុកទាំងកម្រោលរងរបួសធ្ងន់!

ពោធិ៍សាត់: លោកអធិការស្រុកក្រគរ បានប្រាប់ Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កដោយរថយន្តម៉ាកនីសាន់ ធុនទេសចរណ៍ បើកបុកបុរសម្នាក់ កំពុងតែដើរឆ្លងផ្លូវ បណ្តាលឲ្យដួលបោកក្បាលទៅនឹងថ្នល់ រងរបួសធ្ងន់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៥០នាទីល្ងាចថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ១៥២-១៥៣ ស្ថិតនៅភូមិសំរោង ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ៕

លោកអធិការបានបន្តថា ជនរងគ្រោះមានឈ្មោះ ពត សុង អាយុ៥២ ឆ្នាំ ភេទប្រុស ស្នាក់នៅភូមិឃុំកើតហេតុខាងលើ។

ប្រភពដដែលបានបន្តទៀតថា មុនពេលកើតហេតុ គេឃើញរថយន្តបង្កម៉ាកនីសាន់ ធុនទេសចរណ៍ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ រដ្ឋ៣៦ (2-0608) បើកបរទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើ បានបុកជនរងគ្រោះកំពុងតែដើរឆ្លងថ្នល់ពីត្បូងទៅជើង បណ្តាលឲ្យដួលបោកក្បាលទៅនឹងថ្នល់ រងរបួសធ្ងន់ ហើយត្រូវរថយន្តសាមុយដឹកបញ្ជូនទៅមន្ទីរពេទ្យខេត្តពោធិ៍សាត់ ។

ក្រោយពីកើតហេតុ រថយន្តបានបើករត់គេចខ្លួនពីកន្លែងកើតហេតុ ទៅដល់ស្រុកបរិបូរ ខេត្តកំពង់ឆ្នាំង សមត្ថកិច្ចបានទំនាក់ទំនងទៅអធិការស្រុកបរិបូ ឲ្យជួយអន្តរាគមន៍ ទើបឃាត់បានរថយន្តនោះ ប្រគល់មកឲ្យអធិការដ្ឋាននគរបាលស្រុកក្រគរ ចំណែកអ្នកបើកបររត់គេចខ្លួនបាត់។ រថយន្តរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកក្រគរ រងចាំប្រគល់ជូនចរាចរខេត្ត ដើម្បីដោះស្រាយតាមផ្លូវច្បាប់៕