ខណៈក្រុមហ៊ុន Apple ត្រូវគេរំពឹងថា នឹងប្រកាសចេញទូរសព្ទ iPhone បំពាក់អេក្រង់ OLED នៅឆ្នាំនេះ ដើម្បីអបអរខួបកម្រប ១០ ឆ្នាំនៃការបង្កើត iPhone របាយការណ៍ថ្មីមួយពីប្រទេសកូរ៉េ អះអាងថា ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក កំពុងធ្វើការលើបច្ចេកវិទ្យាអេក្រង់ថ្មីមួយ ដែលមានលក្ខណៈសម្បត្តិល្អជាងអេក្រង់ OLED របស់ Samsung និង LG។
យោងតាមគេហទំព័រព័ត៌មាន Business Korea អេក្រង់បច្ចេកវិទ្យាថ្មីនោះ មានឈ្មោះថា Micro-LED ហើយវានឹងមានការផលិតចេញក្នុងទ្រង់ទ្រាយធំមួយនៅតៃវ៉ាន់ ក្នុងឆ្នាំនេះ សម្រាប់នាឡិកា Apple Watch ជំនាន់បន្ទាប់។ អេក្រង់នេះដែរ ក៏អាចនឹងត្រូវបានអភិវឌ្ឍបន្ថែម សម្រាប់យកទៅបំពាក់លើ iPhone ម៉ូឌែលអនាគត ចាប់ពីទូរសព្ទ iPhone 9 ដែលនឹងមកដល់នៅឆ្នាំក្រោយ។
គេហទំព័រ Business Korea បានគូសបញ្ចាក់បន្ថែមថា Micro-LED នោះ អាចនឹងមានទំហំតូចជាងបណ្តាប្រភេទអេក្រង់ដែលជាជម្រើសផ្សេងៗរបស់ក្រុមហ៊ុន Apple។ ម្យ៉ាងទៀត វាអាចនឹងស៊ីថាមពលកាន់តែតិច ហើយមានទម្ងន់ស្រាលជាង និងស្តើងជាងអេក្រង់ប្រភេទ OLED ឬ LCD ទៀតផង។
របាយការណ៍ថ្មីនេះ គឺស៊ីគ្នាទៅនឹងព័ត៌មានចចាមអារ៉ាមបែកធ្លាយកន្លងមក ដែលថា Apple បាននិងកំពុងព្យាយាមកាត់បន្ថយការពឹងផ្អែកការផ្គត់ផ្គង់សមាធាតុផ្សំពីក្រុមហ៊ុនដទៃ ជាអាទិ៍ ថ្មីៗនេះ ក្រុមហ៊ុនត្រូវគេរាយការណ៍ថា កំពុងអភិវឌ្ឍអង្គគណនាក្រាហ្វិច ឬហៅថា GPU សម្រាប់បំពាក់លើ iPhone ជំនាន់បន្ទាប់របស់ខ្លួន ដោយខ្លួនឯង។
ការផ្លាស់ប្តូរនេះ ប្រសិនបើវាជាកើតឡើងពិតប្រាកដមែន ក្រុមហ៊ុនផ្គត់ផ្គង់អេក្រង់របស់ Apple នាពេលបច្ចុប្បន្ន ដូចជា LG (ផ្គត់ផ្គង់អេក្រង់ OLED សម្រាប់ Apple Watch Series 1 & 2) និង Samsung (ផ្គត់ផ្គង់អេក្រង់ iPhone) ជាដើម នឹងបាត់បង់អតិថិជនសំខាន់បំផុតមួយជាមិនខាន។

គួរបញ្ជាក់ថា នៅក្នុងរបាយការណ៍កាលពីឆ្នាំ ២០១៥ និងដើមឆ្នាំ ២០១៦ បានអះអាងថា ក្រុមស្រាវជ្រាវ និងបច្ចេកទេសរបស់ Apple កំពុងធ្វើការលើបច្ចេកវិទ្យាអេក្រង់ពិសេសថ្មីនេះ ក្នុងមន្ទីរពិសោធន៍សម្ងាត់មួយនៅតៃវ៉ាន់៕
ប្រភពព័ត៌មានៈ bgr
មតិយោបល់