ព័ត៌មានជាតិ

សេពសុរា មានចំណង់ប៉ុនប៉ងរំលោភលើលោកយាយវ័យ៨៦ឆ្នាំ

កណ្តាលៈ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកកោះធំ ធ្វើការចាប់ឃាត់ខ្លួន បន្ទាប់ពីជនសង្ស័យរូបនេះ បានផឹកស៊ីស្រវឹងរហូតបាត់​បង់សតិ បានធ្វើសកម្មភាពវាយធ្វើបាបទៅលើលោកយាយអាយុ៨៦ឆ្នាំបណ្តាលឲ្យរងរបួស និងប៉ុនប៉ងចាប់រំលោភប៉ុន្តែមិនបានសម្រេច ត្រូវសមត្ថកិច្ចចាប់ខ្លួនបាន។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ១១ យប់ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០១៦ ស្ថិតនៅចំណុច ភូមិល្វាទោង ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្ដាល ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលចាប់ឃាត់ខ្លួនបានខាងលើនេះ មានឈ្មោះ ប៊ុង ធឿន ភេទប្រុស អាយុ៣៨ ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិព្រែកផ្អាវ ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្ដាល ។ ចំណែកលោកយាយ រងគ្រោះមានឈ្មោះ ឌ.ស ភេទស្រី អាយុ៨៦ឆ្នាំ មុខរបរកសិករ ស្នាក់នៅក្នុងភូមិជាមួយគ្នា ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ នៅវេលាម៉ោង២និង ៣០ នាទី ថ្ងៃទី១៥ កញ្ញា មានប្រជាពលរដ្ឋក្នុងភូមិខាងលើ បានឃើញជន​សង្ស័យដើរមកពីលិចផ្លូវចូលមកភូមិល្វាទោង ដោយស្ថិតក្នុងសភាពស្រវឹងជោគជាំ លុះពេលដើរមកដល់ក្នុងភូមិឲ្យតែឃើញក្មេងស្រីៗ ជនសង្ស័យក៏ដេញចាប់ តែត្រូវអ្នក​ភូមិដេញវាយពេលនោះជនសង្ស័យក៏រត់បាត់ ។ លុះរហូតដល់ម៉ោង ១១យប់ថ្ងៃដដែល ជនសង្ស័យខាងលើបានចូលទៅក្នុងផ្ទះរបស់លោកយាយរងគ្រោះ រួចក៏ធ្វើ​សកម្មភាពសម្រាតសម្លៀកបំពាក់របស់លោកយាយ ប៉ុន្តែត្រូវបានលោកយាយរងគ្រោះរើបំរ៉ាស់ និងស្រែកឲ្យអ្នកភូមិដែលរស់នៅក្បែរនោះជួយភ្លាមៗ នោះ ជនសង្ស័យ​ក៏បានវាយទៅលើជនរងគ្រោះ បណ្ដាលឲ្យរងរបួសជាច្រើនកន្លែង បន្ទាប់មកដោយសារតែមានប្រជាពលរដ្ឋដែលនៅក្បែរនោះបានឮសម្លេង​ស្រែកឲ្យ​ជួយក៏នាំ​គ្នាចុះពីលើផ្ទះ​ទៅមើល ស្រាប់តែឃើញជនសង្ស័យកំពុងវាយជនរងគ្រោះ ឃើញដូចនេះប្រជាពលរដ្ឋ បានស្ទុះចូលទៅចាប់ជនសង្ស័យចងទុករួច រាយការណ៍មកសមត្ថកិច្ចប៉ុស្ដិ៍ ប៉ុន្តែ​ដោយ​សារតែខណៈមានភ្លៀងធ្លាក់ បូករួមនិងផ្លូវពិបាកធ្វើដំណើរ តម្រូវឲ្យសមត្ថកិច្ចដើរថ្មើជើងរហូតម៉ោង១រំលងអធ្រាត្រ ទើបយកជនសង្ស័យទៅដល់ប៉ុស្ដិ៍។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនមកអធិការដ្ឋានស្រុក ដើម្បីកសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យទៅកាន់សាលាដំបូងខេត្ត ចាត់ការនិងផ្តន្ទា​ទោសតាមផ្លូវច្បាប់ ៕

ចាប់រំលោភចាប់រំលោភចាប់រំលោភចាប់រំលោភ

មតិយោបល់