ភ្នំពេញៈ នៅតាមរបងមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ខាងត្បូង គេសង្កេតឃើញថា ក្លាយជាទីតាំងក្រុមក្មេងអនាថាសេពគ្រឿងញៀន កន្លែងចាក់សំរាម ចំណតរ៉ឺម៉ក់ដឹកបន្លែ រថយន្តដឹកទំនិញផ្ទេរជារៀងរាល់ថ្ងៃ និងមានលូដាក់លើចិញ្ចើមផ្លូវ ជាហេតុបង្កឲ្យការកកស្ទះចរាចរណ៍ស្ទើររាល់ម៉ោងពេលឆ្លងកាត់ម្ដងៗ។
បញ្ហានេះស្ថិតនៅចាប់ពីស្តុបម៉ុងឌីយ៉ាល់ ផ្លូវ២៣០ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលចិញ្ចើមផ្លូវមួយផ្នែកខាងរបងមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ប្រែក្លាយជាទីតាំងលក់ដូរ ចំណតរថយន្តតាក់ស៊ី រ៉ឺម៉ក់ដឹកបន្លែ កន្លែងចោលសំរាម ពិសេសនោះ គឺជាទីតាំងក្មេងអនាថាសេពគ្រឿងញៀននៅក្នុងលូដែលយកមកទុកចោលផងដែរ។
លោក ទិត្យ សាមឿន ចៅសង្កាត់ផ្សារដើមគរបានប្រាប់ថា រឿងលូរបស់មន្ទីរសាធារណៈការ និងដឹកជញ្ជូនយកមកទុកចោល ដែលបង្កឲ្យមានការចាក់សំរាម និងពេលយប់មានក្រុមក្មេងអនាថាសេពគ្រឿងញៀននោះ ប្រជាការពារសង្កាត់ រួមជាមួយនរគបាលប៉ុស្តិ៍បានដេញច្រើនលើកហើយ ថែមទាំងបោសសម្អាត ដើម្បីរក្សាបរិស្ថាននៅក្នុងមូលដ្ឋាន។
ដោយឡែករឿងរថយន្តតាក់ស៊ីខាងសាលាសង្កាត់ខណ្ឌទួលគោក បានជម្រាបជូនដំណឹង ដេញមិនឲ្យចតតាមផ្លូវបន្តកន្ទុយនៅជិតស្តុប ដែលផ្តល់ផលលំបាកដល់អ្នកធ្វើដំណើរ បង្កឲ្យមានការកកស្ទះចរាចរណ៍ តែខាងម្ចាស់រថយន្ត រ៉ឺម៉ក់មិនស្ដាប់សោះ ដោយសារគ្មានចំណតសម្រាប់រថយន្តផ្ទេរទំនិញត្រឹមត្រូវ ទើបបញ្ហាសណ្តាប់ធ្នាប់លំបាករាល់ថ្ងៃផងដែរ។
នរគបាលប៉ុស្តិ៍ផ្សារដើមគរម្នាក់សុំមិនបញ្ចេញឈ្មោះបានប្រាប់ថា សណ្តាប់ធ្នាប់ត្រង់ចំណុចខាងលើ លំបាកដោយសាររថយន្តតាក់ស៊ី រថយន្តធំៗផ្ទេរទំនិញ រ៉ឺម៉ក់ដឹកបន្លែ នៅផ្សារនាគមាស និងអ្នកលក់នៅលើផ្លូវ ព្រមទាំងតាមរបងមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ផងដែរ៕
https://youtu.be/JF5XUf867uo
មតិយោបល់