ព័ត៌មានជាតិ

រថយន្តក្រុងបើកលឿនបុកផ្ទប់គោយន្តកន្ត្រៃស្លាប់បុរសម្នាក់ រួចបន្តកៀររថយន្ត២គ្រឿងនិងរបាំងថ្មបន្ថែមលើស្ពានពុកយុក

កំពង់ធំ: លោក ប្រធានការិយាល័យចរាចរណ៍ខេត្តកំពង់ធំ បានប្រាប់ Post Newsថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្តម៉ាកហ៊ីយ៉ាន់ដាយ មួយគ្រឿង ប្រភេទរថយន្តក្រុង បុករះគោយន្តកន្ត្រៃពេញទំហឹង បណ្តាលឲ្យអ្នកបើកគោយន្តស្លាប់យ៉ាងអាណោចអាធ័ម និងបន្តកៀររថយន្តចំនួន២គ្រឿង បន្តទៅបុករបាំងថ្មពេញទំហឹង ទើបអស់ល្បឿនទៅមុខលែងរួច។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១០និង៤៥នាទី ព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅចំណុចលើកំណាត់ផ្លូវជាតិលេខ៦ ចំណុចលើស្ពានពុកយុក ភូមិពុកយុក សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

សមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយរថយន្តម៉ាកហ៊ីយ៉ាន់ដាយ(៤៥កៅអី) ដឹកអ្នកដំណើរ ពណ៌សលាយលឿង ពាក់ស្លាកលេខ ភ្នំពេញ3A-9589 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ(គេចខ្លួន) បានបុកគោយន្តកន្ត្រៃ ដែលកំពុងបើកបរក្នុងទិសដៅផ្ទុយគ្នា បើកបរដោយឈ្មោះ កុន ញ៉ ភេទប្រុស អាយុ ៤២ឆ្នាំ ស្នាក់នៅភូមិរការ សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ បណ្តាលឲ្យស្លាប់ ក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យឯកជន៥១៥។ ភ្លាមៗនោះ រថយន្តបង្ក បានបន្តទៅបុក ម៉ាស៊ីនភ្លើង ដែលកំពុងតែផ្សារដែកធ្វើស្ពាន ហើយបន្តទៅកៀរថយន្ត២គ្រឿង ក្នុងនោះរថយន្តទី១ ជាប្រភេទរថយន្តកូរេ ១តោនកន្លះ ពណ៌ ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2K-1633 បើកបរដោយឈ្មោះ គង់.វុត្ថា ភេទប្រុស អាយុ ២១ឆ្នាំ ស្នាកនៅភូមិស្ទឹងសែន សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន បណ្តាលឲ្យរងការខូចខាត និងមួយគ្រឿងទៀតម៉ាក ស៊ីណា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AF-0103 បើកបរដោយឈ្មោះ ហោ ប៊ុនឡេង ភេទប្រុស អាយុ៥៣ឆ្នាំ ស្នាក់នៅសង្កាត់វាលវង់ ខណ្ឌ ៧មករា រាជធានីភ្នំពេញ រួមបន្តទៅបុករបាំងថ្មសម្រាប់បាំងធ្វើផ្លូវ១ទៀតបណ្តាលឲ្យខូចខាតទើបរថយន្តបង្កអស់ល្បឿនទៅមុខលែងរួចតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកធ្វើការវាស់វែង នាំយកមធ្យោបាយធ្វើដំណើរទាំងអស់ យកទៅរក្សាទុក រង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយតាមផ្លូវច្បាប់បន្តទៀត៕

មតិយោបល់