ព័ត៌មានសិល្បៈ និងកម្សាន្ត

ស្វែង សុជាតា ប្ដីក្មេងស្ទុះ អា-ក កូន និងបង្ខាំងខ្លួនប៉ងធ្វើឃាត

យោងតាមការបញ្ជាក់របស់អ្នកនាងស្វែង សុជាតា មុននេះ គឺស្វាមីក្មេងដែលជាគ្រូឱសថបុរាណរបស់អ្នកនាងឈ្មោះថោង សុខុម មិនបានកែប្រែក្រោយប្រើហិង្សាឡើងផ្អើលអ្នកតាខ្មៅមួយលើកចុងក្រោយមុននោះឡើយ។ ផ្ទុយទៅវិញក្រោយពីបានដឹងថាអ្នកនាងបានទម្លាយប្រាប់អ្នកសារព័ត៌មានពីរឿងធ្វើបាប គឺស្វាមីនេះ ហាក់ដូចកម្រោលចូល និងកាន់តែធ្វើបាបអ្នកនាងទៀតផង។ អ្នកនាងថាប្ដីក្មេងបានរករឿងបង្កជម្លោះ ដោយជម្លោះនៅរសៀលថ្ងៃទី២២ មេសាមុននេះ គឺជាជម្លោះប៉ងសម្លាប់ ដោយគេបានទាំងយកកាំបិតចង់អារ-កកូនស្រីរបស់ខ្លួនផង ប៉ុន្តែមិនបានសម្រេចព្រោះតែអ្នកនាងស្រែកឲ្យគេជួយទាន់។

អ្នកនាងបានថ្លែងប្រាប់តាមទូរស័ព្ទថា កាលពីម៉ោងថ្ងៃត្រង់ ថ្ងៃទី២២ មេសា អ្នកនាងបានឈឺមុខរបួសដែលប្ដីវាយបែកថ្គាមយ៉ាងខ្លាំង ក៏ដេកស្រែកថ្ងូរនៅក្នុងបន្ទប់។ ពេលឮដូច្នេះក្រៅពីមិនបានសួរនាំស្វាមីថែមទាំងជេរ និងប្រមាថដល់អ្នកនាងថាម្ដេចមិនឆាប់ស្លាប់ទៅ ទើបបណ្ដាលឲ្យអ្នកនាងតមាត់។ អ្នកនាងថាសុំឲ្យមានបទអន្តរាគមន៍ជួយសង្គ្រោះដល់អ្នកនាងផង ដោយអ្នកនាងប្រកាសថាខ្លួនកំពុងស្ថិតក្នុងការគំរាមកំហែងដ៏ធ្ងន់ធ្ងរមួយ។ អ្នកនាងថាខ្លួនកាន់តែខ្លាចពីសុវត្ថិភាព ដោយសារតែប្ដីក្មេងរូបនេះ ឲ្យតែឈ្លោះម្ដងៗ គឺចង់វាយសម្លាប់អ្នកនាងតែម្ដង ដោយហេតុការណ៍នៅថ្ងៃទី២២ មេសានេះ គឺស្វាមីបានចាក់សោផ្ទះដែលអ្នកនាងសន្សំលុយបង់រំលោះនៅបុរីប៉េងហួតផ្លូវជាសុផារ៉ា រហូតដល់៧ជាន់ មុននឹងបង្កជម្លោះជាមួយអ្នកនាង។ អ្នកនាងថាស្វាមីបានយកពូថៅវាយកម្ទេចរបស់របរ និងប៉ងសម្លាប់អ្នកនាងក្នុងផ្ទះ ប៉ុន្តែដោយសារតែអ្នកនាងគេចផុត ទើបចាប់កូនស្រីដែលស្រែកយំប៉ងអារ-ក ដើម្បីកុំឲ្យផ្អើលអ្នកជិតខាង។ យ៉ាងណាមិញ អ្នកនាងថាស្វាមីធ្វើមិនបានសម្រេចដោយសារតែអ្នកនាងស្រែកឲ្យអ្នកជិតខាងមកជួយ ហើយក៏ចំពេលដែលមានអ្នកជិតខាងមកគោះទ្វារជួយច្រោងច្រាង ទើបបណ្ដាលឲ្យស្វាមីបង្វេះខ្លួនរត់ចេញ។ អ្នកនាងថាខ្លួនបានប្ដឹងប៉ូលិសរួចហើយ ដោយការប្ដឹងលើកនេះគឺសុំឲ្យប៉ូលិសតាមចាប់ស្វាមីតែម្ដង ព្រោះតែគេកាន់តែសាហាវជាងមុន និងថាបើរស់នៅជាមួយទៀតគឺពិតជានឹងសម្លាប់អ្នកនាងនៅថ្ងៃណាមួយ៕

មតិយោបល់