ភ្នំពេញៈ តាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា រថយន្តកាមរីបាឡែនបើកប្រដេញគ្នា ជាមួយរថយន្តព្រុស នៅតាមដងផ្លូវជ្រុលទៅបុកម៉ូតូហុងដាឌ្រឹមសេ១២៥មួយគ្រឿង បណ្តាលឲ្យហោះផ្លោងជិត ៥០ម៉ែត្រ ដោយបុរសម្នាក់ ត្រូវអូសជាប់ក្រោមរថយន្ត ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងពីរនាក់ទៀតរងរបួសស្រាល ចំណែកឯរថយន្តបង្កមិនទាន់អស់ល្បឿន ក៏ទៅបុកនិងម៉ូតូកង់បីមួយគ្រឿងទៀត ដែលកំពុងចតនៅចិញ្ចើមផ្លូវ បណ្តាលក្រឡាប់ ទើបអស់ល្បឿនទៅមុខលែងរួច។
ហេតុការណ៍នេះ បានកើតទ្បើងកាលពីវេលាម៉ោង ២និង៤០ នាទីយប់ ឈានចូលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៧ នេះ ស្ថិតនៅរង្វងមូល សម្ដេចសង្ឃជួនណាត ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានាភ្នំពេញ។
តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿងម៉ាក កាមរីបាឡែន ពណ៌ ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2U-1295 បានបើកប្រដេញគ្នាជាមួយរថយន្តមួយគ្រឿងទៀត ម៉ាកព្រុស ពណ៌ស្ករ មិនចាំស្លាកលេខ បានបើកប្រដេញគ្នាយ៉ាងលឿន តាមបណ្តោយផ្លូវរដ្ឋសភាព ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចវង្វងមូលសម្ដេចសង្ឃជួនណាត រថយន្តកាមរីបាឡែននោះ បានជ្រុលចង្កួតទៅបុក និងម៉ូតូហុងដាឌ្រឹមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខព្រៃវែង 1J-2250 មួយគ្រឿង ដែលជិះដោយបុរសពីរនាក់ និងរួមដំណើរជាមួយ នារីម្នាក់ទៀត ដែលកំពុងជិះធ្វើដំណើរតាមបណ្តោយ ផ្លូវរង្វងមូលក្នុងទិសពីលិចទៅកើត ចំពាក់កណ្តាលម៉ូតូយ៉ាងពេញទំហឹង បណ្តាលឲ្យម៉ូតូហោះផ្លោងជិត ៥០ម៉ែត្រ និងបុរសដែលជាអ្នកជិះម៉ូតូអូសចូលក្រោមរថយន្តបង្កនោះ ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុតែម្តង ហើយចំណែកនារីដែលរួមដំណើរជាមួយម៉ូតូនោះ បានរងរបួសស្រាល ត្រូវគេដឹកយកទៅសង្គ្រោះភ្លាមៗ នៅមន្ទីរពេទ្យ ។ សាក្សីនៅកន្លែងកើតហេតុ បានបន្ថែមថា ក្រោយពីរថយន្តបង្កបើកបុកម៉ូតូជនរងគ្រោះ នៅតែមិនទាន់អស់ល្បឿន ក៏ជ្រុលទៅបុកនិងម៉ូតូកង់បីមួយគ្រឿងទៀត ដែលកំពុងចតនៅចិញ្ចើមផ្លូវ បណ្តាលក្រឡាប់ ហើយរថយន្តគល់ជាប់ទៅខឿនផ្លូវទើបអស់ល្បឿនទៅមុខលែងរួច ។
អ្នកនៅកន្លែងកើតហេតុជាច្រើន បានព្យាយាមមកជួយលើរថយន្តបង្កនោះ ដោយពួកគាត់ឃើញជនរងគ្រោះ នៅក្រោមរថយន្ត តែយ៉ាងណាជនរងគ្រោះ បានស្លាប់បាត់បង់ជីវិតទៅហើយ ។
ក្រោយកើតហេតុ អ្នកបើករថយន្តបង្ក បានបើកទ្វាររថយន្តរបស់គេ រត់ឡើងទៅជិះរថយន្តព្រុសមួយ ដែលបើកប្រដេញជាមួយគ្នានោះ គេចចេញបាត់ទៅ ដោយគេបានបន្សល់តែរថយន្តបង្ក នៅកន្លែងកើតហេតុតែប៉ុណ្ណោះ ។
ក្រោយកើតហេតុការណ៍ សមត្ថកិច្ចជំនាញ បានចុះវាស់វែង និងសហការជាមួយសមត្ថកិច្ចចរាចរណ៍ក្រុង ដើម្បីយកវត្ថុតាងទៅរក្សាទុករងចាំធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់ ៕
មតិយោបល់