ព័ត៌មានជាតិ

ចេញឆក់កាបូបលើកទី១បរាជ័យ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ

ភ្នំពេញ: នៅវេលាម៉ោង០៨និង៣០នាទីព្រឹក ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ កម្លាំងល្បាតអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌទួលគោក បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីឆក់កាបូប នៅចំណុចមុខហាងគុយទាវកូនហេង ក្បែរផ្សារធីខេ (TK) តាមផ្លូវ៥១៦ កែង៣១៥ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យទាំងពីរនាក់មាន៖ ១-ឈ្មោះវ៉ា វីណា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅផ្ទះជួល ម្តុំផ្សារទួលទំពូង ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មានស្រុកកំណើត នៅភូមិទួលកណ្តាល ឃុំកោះ២ ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម ។ ២-ឈ្មោះ ញ៉ែម រតនា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងភ្លើង ស្នាក់នៅផ្ទះជួល ម្តុំបឹងកក់សង្កាត់ស្រះចក ខណ្ឌដូនពេញ មានស្រុកកំណើតនៅ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។

ក្រោមវិធានការជំនាញជនសង្ស័យទាំង០២នាក់ បានសារភាពឲ្យដឹងថា នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ ពួកខ្លួន និងបក្ខពួក០៣នាក់ផ្សេងទៀត ជិះម៉ូតូចំនួន០៣គ្រឿង បានធ្វើសកម្មភាពឆក់កាបូបពីជនរងគ្រោះ នៅចំណុចហាងគុយទាវកូនហេង ម្តុំអង់តែនទួលគោក ផ្លូវ៥១៦ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ពិតប្រាកដមែន ។ បន្ទាប់ពីធ្វើសកម្មភាពរួចពួកខ្លួន និងបក្ខពួក បានព្យាយាមជិះគេចខ្លួន តែត្រូវកូនប្រុសរបស់ជនរងគ្រោះ ជិះរថយន្តដេញតាមពីក្រោយ ស្របពេលនោះកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌទួលគោក កំពុងល្បាតក្នុងភូមិសាស្រ្តក្បែរនោះ ក៏ឃាត់ពួកខ្លួនបាន០២នាក់ភ្លាមៗ រួមនឹងម៉ូតូមួយគ្រឿងម៉ាក Dream C125 ពណ៌ខ្មៅ ស៊េរី២០១៧ ពាក់ស្លាកលេខ ត្បូងឃ្មុំ 1B3929 ចំណុចផ្លូវ៣១៥ កែង ៥២៨ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក យកមកមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោក ដើម្បីធ្វើសាកសួរតែម្តង ។

ចំណែកបក្ខពួកជនសង្ស័យ ដែលបានរត់គេចខ្លួន កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោក កំពុងធ្វើការស្រាវជ្រាវឃាត់ខ្លួនបន្ត ។ ហើយកម្លាំងអាវុធហត្ថខណ្ឌទួលគោក ក៏បានប្រគល់កាបូប ជូនជនរងគ្រោះវិញផងដែរ ។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ ត្រូវបានកម្លាំងជំនាញ ការិយាល័យប្រឆាំងបទល្មើស ព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

មតិយោបល់