Post News Media ព័ត៌មានជាតិ ស្ត្រីម្នាក់ជ...

ស្ត្រីម្នាក់ជិះម៉ូតូបត់ មិនប្រយ័ត្នត្រូវរថយន្ត កំពុងពេញល្បឿនបុកស្លាប់

កណ្ដាល: តាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា កាលពីវេលាម៉ោង៩ និង១០ នាទីយប់ ថ្ងៃទី២២ ខែមេសា មានគ្រោះចរាចរណ៍មួយ បានកើតទ្បើងបង្កដោយម៉ូតូជិះបត់ ខ្វះការប្រុងប្រយ័ត្ន ក៏ត្រូវរថយន្តបើកបុកពេញទំហឹង បណ្ដាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែង នៅកំណាត់ផ្លូវជាតិលេខ៨ ចំណុចភូមិ វិហារសួគ៌ត្បូង ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

គ្រោះថ្នាក់នេះ បង្កឡើដោយម៉ូតូម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1CQ-3637 អ្នកបើកបរឈ្មោះ ឯម ទីន ភេទស្រី អាយុ៥០ឆ្នាំ នៅភូមិស្វាយមាស ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល បើកបរក្នុងទិសដៅពីកើតទៅត្បូង (ស្លាប់នៅកន្លែងកើតហេតុ)។

តាមសមត្ថកិច្ច បានឲ្យដឹងថា ខណ:ដែលស្ត្រីរងគ្រោះ បានបើកម៉ូតូមកដល់ចំណុចខាងលើ ធ្វើការបត់ស្ដាំខ្វះការប្រយ័ត្ន ក៏ត្រូវបានរថយន្ដម៉ាក TACOMA ប្រភេទទេសចរណ៍ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AJ-3567 បើកបុកពេញទំហឹង ដោយអ្នកបើកបរឈ្មោះ ខូវ សុខាន ភេទប្រុស អាយុ៣៥ឆ្នាំ នៅភូមិប្រាំ ឃុំក្រូចឆ្មា ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ បើកបរក្នុងទិសដៅពីកើតទៅលិច ។

ក្រោយកើតហេតុ អ្នកបើកបររថយន្ត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន យកមកកាន់អធិការដ្ឋាននគរបាលស្រុក
រីឯវត្ថុតាងម៉ូតូ និងរថយន្ដត្រូវបានសមត្ថកិច្ចជំនាញ ធ្វើការដកហូតយកមករក្សារទុក នៅអធិការនគរបាល ស្រុកខ្សាច់កណ្ដាល ដើម្បីរង់ចាំការដោះស្រាយតាមនីតិវិធីច្បាប់៕

Loading...