ប៉ៃលិនៈ តាមសេចក្ដីរាយការណ៍ពីភ្នាក់ងារ Post News ប្រចាំខេត្តបៃលិន បានឲ្យដឹងថា នៅថ្ងៃទី២២ ខែមេសានេះ លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូលខេត្តប៉ៃលិន បានដឹកនាំមន្រ្តីជំនាញ ក្រោមឱវាទ និងសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត ធ្វើការចុះត្រួតពិនិត្យទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទ នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដើម្បីធ្វើការដកហូតយកទៅកម្ទេចចោល។
លោក វិជ្ចាសារ៉ាវុធ បានឲ្យដឹងថា សាខាកាំកុងត្រូលខេត្ត សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត បានធ្វើសកម្មភាពជាប្រចាំ ដោយចុះបិទស្លាកសញ្ញាផលិតផលម្ហូបអាហារ ដើម្បីធ្វើការផ្សព្វផ្សាយជូនដល់បងប្អូន ប្រជាពលរដ្ឋ និងអាជីវករ ឲ្យបានយល់ដឹង ជាពិសេសបន្តចុះត្រួតទំនិញខូចគុណភាព និងទំនិញហួសកាលបរិច្ឆេទ ប្រើប្រាស់ ដែលអាជីវករបានដាក់តាំងលក់ នៅតាមទីផ្សានានាទូទាំងខេត្តប៉ៃលិន ជាបន្តបន្ទាប់ដូចភ្លៀងរលឹម ដើម្បីដកហូតទំនិញខូចគុណភាពទាំងអស់នោះ យកទៅកម្ទេចចោល និងកុំឲ្យចរាចរណ៍លក់ដូរ នៅលើទីផ្សារបន្តទៀត ដែលធ្វើឲ្យប៉ះពាល់ ដល់សុខភាពរបស់បងប្អូនប្រជាពលរដ្ឋ បន្ទាប់ពីពួកគាត់បានទិញយកទៅប្រើប្រាស់ និងបរិភោគ។
ជាក់ស្តែងនៅពេលនេះ បន្ទាប់ពីបុណ្យចូលឆ្នាំប្រពៃណីខ្មែរបានបញ្ចប់ សាខាកាំកុងត្រូលខេត្តប៉ៃលិន រកឃើញទំនិញហួសសុពលភាព និងខូចគុណភាពជាច្រើនប្រភេទ ក្នុងនោះភាគច្រើន ជានំកញ្ចប់ សម្រាប់ក្មេងញ៉ាំ ជាពិសេសមន្ត្រីជំនាញ បានធ្វើការពន្យល់ណែនាំ ដល់អាវជីករ និងប្រជាពលរដ្ឋ ដែលមិនទាន់យល់ច្បាស់ ឲ្យចេះពិនិត្យមើលចំពោះទំនិញ ដែលហួសសុពលភាព ទំនិញក្លែងក្លាយ ទំនិញដែលមិនមានច្បាប់អនុញ្ញាតិ ឬទំនិញដែលមិនមានស្លាកសញ្ញាត្រឹមត្រូវ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរ។
លោក វិជ្ជាសារ៉ាវុធ បាននែនាំដល់អាជីវករទាំងអស់ មុននឹងទិញទំនិញយកមកដាក់តាំងលក់ ត្រូវពិនិត្យមើល កាលបរិច្ឆេទ ថ្ងៃ ខែ ឆ្នាំ ផលិត និងក្រុមហ៊ុនឲ្យបានច្បាស់លាស់ ដើម្បីជៀសវាងពេលសមត្ថកិច្ចកាំកុងត្រូល ចុះពិនិត្យឃើញហួសកំណត់ ធ្វើការដកហូត យកទៅកម្ទេចចោល ដែលនាំឲ្យខាតបង់ថវិកាគ្រួសាររបស់បងប្អូន និងខាតបង់ទាំងពេលវេលា។
លោកបានមានប្រសាសន៍ បន្តទៀតថា ផលប៉ះពាល់ពីការប្រើប្រាស់មុខម្ហូបខូចគុណភាព ឬភេសជ្ជៈហួសកំណត់ ប្រើប្រាស់ គឺបណ្តាលឲ្យសុខភាពអ្នកប្រើប្រាស់មានជំងឺផ្សេងៗ ដូចជាជម្ងឺរាគរូស ក្អួតចង្អោរ ចុកពោះ និងអាចឈានដល់គ្រោះថ្នាក់ដល់អាយុជីវិត បើសង្គ្រោះមិនទាន់ ដូច្នេះហើយ អាជីវករ ពិសេសប្រជាពលរដ្ឋ ដែលទិញទំនិញជារៀងរាល់ថ្ងៃ ត្រូវមានការប្រុងប្រយ័ត្នចំពោះការជ្រើសរើស ម្ហូបហអាហារមកទទួលទាន ឬលក់ដូរបន្ត ធ្វើយ៉ាងណាឲ្យមានគុណភាព។
គួរបញ្ជាក់ថា ក្នុងការចុះត្រួតពិនិត្យទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទ នាឱកាសនោះ សាខាកាំកុងត្រូលខេត្តប៉ៃលិន បានធ្វើការដកហូតទំនិញជាច្រើនប្រភេទ ដើម្បីយកទៅកម្ទេចចោល មានដូចជា៖ នំស្រួយលីលី ៦២០ ទឹកក្រូចដបជ័រ ៣៧ដប មីកំប៉ុង ៣៩កំប៉ុង មីកញ្ចប់ ១២កញ្ចប់ នំសណ្តែងបំពង ៣៤កញ្ចប់ និងទឹកម្ទេស ៣ដប៕
មតិយោបល់