ព័ត៌មានជាតិ

រថយន្តVIGOបុកបង្គោលភ្លើងបែកកង់ទៅមុខលេងរួច ម្ចាស់ទុកចោលរួចចេញទៅបាត់!

ភ្នំពេញ: រថយន្តម៉ាក VIGO មួយគ្រឿង ត្រូវបានគេប្រទះឃើញទុកចតចោលនៅខាងត្បូងវិមានឯករាជ្យ ក្រោយពីបានបើកបុកបង្គោលភ្លើងមួយដើម បណ្តាលឲ្យបែកកង់មុខទៅមុខលែងរួច។

ហេតុការណ៍នេះដែរបានបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧ នៅចំណុចខាងត្បូងវិមានឯករាជ្យ ផ្លូវព្រះនរោត្តម ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីមន្ត្រីនគរបាលមូលដ្ឋានម្នាក់បានឲ្យដឹងថា រថយន្តមួយគ្រឿងដែលគេប្រទះឃើញចតទុកចោលនោះគឺម៉ាក VIGO ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ បាត់ដំបង 2A-6191 បានបែកកង់ខាងមុខម្ខាង និងក្រពឹតផ្នែកខាងមុខរងការខូចខាតយ៉ាងដំណំ ហើយរថយន្តម៉ាក VIGO មួយគ្រឿងខាងលើ មិនមានអ្នកណាម្នាក់បានដឹងថា បានបើកបុកបង្គោលភ្លើងមួយដើមនៅចំណុចខាងលើតាំងពីពេលណានោះឡើយ ដោយទំនងតាំងពីយប់មកម្ល៉េះ លុះព្រឹកឡើងទើបបង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង និងហៅរថយន្តមកស្ទូចយកទៅរក្សាទុក។

ក្រោយពេលមានការភ្ញាក់ផ្អើលកើតឡើងនេះ រថយន្តម៉ាក VIGO ខាងលើ ត្រូវបានកម្លាំងនគរបាលខណ្ឌចម្ការមន ហៅរថយន្តមកស្ទូចយកទៅរក្សាទុក ដើម្បីធ្វើការស្រាវជ្រាវរកម្ចាស់មកធ្វើការដោះស្រាវគ្នាជាបន្តទៅទៀត៕

មតិយោបល់