ភ្នំពេញៈ ស្ត្រីម្នាក់បានធ្វើអត្តឃាតសម្លាប់ខ្លួនឯង ដោយយកខ្សែអង្រឹងទៅចងកជាប់នឹងចម្រឹងបង្អួច បណ្តាលឲ្យស្លាប់ដោយមិនដឹងពីមូលហេតុ ក្រោយពីស្ត្រីរងគ្រោះនិងប្តីព្រមទាំងប្អូនស្រីម្នាក់ទៀត បាននាំគ្នាទៅដើរលេងហើយទើបមកដល់បន្ទប់ជួលវិញ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី២៤ ខែ មេសា ឆ្នាំ២០១៧ នៅចំណុចបន្ទប់លេខ១៥ ផ្ទះលេខ១៣ ផ្លូវលេខ៤៨០ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីមន្ត្រីនគរបាលបានប្រាប់ឲ្យដឹងថា ស្ត្រីរងគ្រោះមានឈ្មោះ ជា គឹមលី អាយុ៣២ឆ្នាំ មុខរបរជាអ្នកបម្រើការនៅមណ្ឌលកម្សាន្តRock ដោយមានប្តីឈ្មោះ ប៉ុន វណ្ណី ស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើ។
មុនពេលកើតហេតុ កាលពីវេលាម៉ោង ៣ទាបភ្លឺឈានចូលថ្ងៃទី២៤ ខែមេសា ស្ត្រីរងគ្រោះរួមទាំងប្តី និងប្អូនស្រីម្នាក់ទៀត បាននាំគ្នាទៅដើរលេង និងចូលក្លឹបប៊្លូឡាញ ពេលមកដល់បន្ទប់ជួលវិញ បុរសជាប្តីក៏បានឃើញស្ត្រីជាប្រពន្ធដេកមិនលក់ ក៏បានជិះម៉ូតូទៅរកទិញថ្នាំងងុយដេកឲ្យលេប លុះពេលជិះម៉ូតូមកពីទិញថ្នាំងងុយដេកវិញមកដល់បន្ទប់ជួល បើកទ្វារចូលទៅក៏បានប្រទះឃើញស្ត្រីជាប្រពន្ធរបស់ខ្លួនចងកធ្វើអត្តឃាតសម្លាប់ខ្លួនឯងស្លាប់បាត់ទៅហើយ ដោយមិនមានអ្នកណាម្នាក់បានដឹងពីមូលហេតុអ្វីឡើយ។
ក្រោយពេលកើតហេតុ កម្លាំងមានសមត្ថកិច្ច បានចុះទៅដល់កន្លែងកើតហេតុ ធ្វើកោសល្យវិច័យទៅលើសពរបស់ស្ត្រីរងគ្រោះបានឲ្យដឹងថា សាកសពពិតជាស្លាប់ដោយសារចងកធ្វើអត្តឃាតខ្លួនឯងពិតប្រាកដមែន និងបានធ្វើកំណត់ហេតុ ប្រគល់ឲ្យក្រុមគ្រួសារយកទៅតម្កល់ធ្វើបុណ្យទៅតាមប្រពៃណីនៅវត្តសន្សំកុសលផងដែរ៕
មតិយោបល់