ព័ត៌មានជាតិ

ឃាត់ខ្លួនយុវជនស្រីប្រុស៣នាក់ ដកហូតថ្នាំញៀន១៩កញ្ចប់ នៅក្រុងកំពត

កំពត: លោក ម៉ៅ ច័ន្ទ មធុរិទ្ធ ស្នងការនគរបាលខេត្ត និងសម្រួលពីលោកព្រះ
រាជអាជ្ញារងអមសាលាដំបូងខេត្តកំពត ខាន់ សុផល ព្រមទាំងបញ្ជាកម្លាំងផ្ទាល់ ដោយលោកវរសេនីយ៍
ទោ លក ញ៉ាវ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្ត ចុះបង្ក្រាបបានជាបន្តបន្ទាប់នូវជន
ជួញដូរ និងប្រើប្រាស់គ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ និងដកហូតថ្នាំញៀនជាច្រើនទៀត។

ការចុះបង្រ្កាបនេះបានធ្វើឡើងចន្លោះម៉ោង៥ដល់ម៉ោង៦ល្ងាច ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧ នៅបន្ទប់ជួល ស្ថិតក្នុងភូមិទ្វីខាងត្បូង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត។

លោកវរសេនីយ៍ទោ លក ញ៉ាវ បានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ ទី១ឈ្មោះ ស៊ូន កសល ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិកែវក្រសាំង សង្កាត់កែប ក្រុង និងខេត្តកែប បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល កើតហេតុខាងលើ, ទី២ឈ្មោះ យ៉ែម សុរដ្ឋា ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិត្រពាំងសង្កែ ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត បច្ចុប្បន្នស្នាក់នៅក្នុងបន្ទប់ជួលជាមួយគ្នា និងទី៣ឈ្មោះ ឈឹម យាន ភេទស្រី អាយុ១៥ឆ្នាំ រស់នៅភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលរួមគ្នាខាងលើដែរ។ ក្នុងនោះដកហូតបានគ្រឿងញៀន ប្រភេទម៉ាទឹកកក ចំនួន១៩កញ្ចប់ ក្នុងនោះធំ១កញ្ចប់។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានបញ្ជូនទៅការិយាល័យគ្រឿងញៀនខេត្ត ដើម្បីសាកសួរកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់