ព័ត៌មានជាតិ

Update៖ អកស៊ឺនឹងម៉ូតូឆ្លងខាងមុខ ជាន់ហ្វ្រាំងត្រូវម៉ូតូម៉ាកXR បុកពីក្រោយរបួសធ្ងន់ម្នាក់ ស្លាប់ម្នាក់

ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍មួយ បានបណ្តាលឲ្យមនុស្ស២នាក់រងរបួសធ្ងន់ និងម្នាក់ទៀតបានស្លាប់ក្រោយពីបញ្ជូនដល់មន្ទីរពេទ្យបន្ទាប់ពីជិះម៉ូតូអកស៊ឺ នឹងម៉ូតូឆ្លងកាត់ពីមុខក៏ជាន់ហ្វ្រាំងម៉ូតូទាំងប្រញាប់ធ្វើឲ្យម៉ូតូរលត់ ត្រូវម៉ូតូធំXR បុកពីក្រោយពេញទំហឹងតែម្តង។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១១ និង៣០នាទី តាមបណ្តោយផ្លូវជាតិ៣ មុខកងពលតូច៧០ ភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ។

សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ ជនរងគ្រោះទាំង២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1U-5073 ឌុបគ្នា២នាក់ ធ្វើដំណើរចេញពីរង្វង់មូលចោមចៅ តាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីជើងទៅត្បូង ចំណែកម៉ូតូម្ខាងទៀត ម៉ាក XR ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ CG-8910 បើកដោយបុរសម្នាក់ស្របគ្នាពីក្រោយជាមួយម៉ូតូរងគ្រោះ លុះដល់ចំណុចកើតហេតុក៏មានម៉ូតូមួយគ្រឿងទៀតបត់ឆ្លងកាត់ពីមុខម៉ូតូជនរងគ្រោះ ជាហេតុធ្វើឲ្យម៉ូតូជនរងគ្រោះ អកស៊ឺជាន់ហ្វ្រាំងទាំងបង្ខំ ធ្វើឲ្យម៉ូតូរលត់កណ្តាលថ្នល់ ត្រូវម៉ូតូម៉ាកXR មកពីក្រោយក្នុងល្បឿនលឿនបានបុកពីក្រោយពេញទំហឹង បណ្តាលឲ្យជនរងគ្រោះទាំង២នាក់ ដួលបោកថ្នល់ រងរបួសធ្ងន់ទាំង២នាក់ រីឯបុរសជិះម៉ូតូXR រងរបួសស្រាល។

ក្រោយកើតហេតុជនរងគ្រោះទាំង២នាក់ត្រូវបាន រថយន្តសាមុយរបស់ក្រុមសង្គ្រោះរបស់អង្គភាព ៧១១ដឹកទៅព្យាបាលនៅមន្ទីរពេទ្យ ព្រះកុសុមៈ តែជាអកុសល ក្នុងចំណោម២នាក់ មានម្នាក់បានស្លាប់បាត់បងជីវិតក្រោយដឹកដល់មន្ទីរពេទ្យ ដោយឡែកបុរសម្ចាស់ម៉ូតូ XR ត្រូវសមត្ថកិច្ចឃាត់ខ្លួនមកកាន់ប៉ុស្តិ៍នគរបាលចោមចៅ រងចាំប្រគល់ទៅឲ្យជំនាញ រីឯម៉ូតូទាំង២គ្រឿងត្រូវបានជំនាញចរាចរណ៍ខណ្ឌចុះធ្វើការវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ រង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយតាមនីតិវិធីច្បាប់៕

https://youtu.be/HDV7YroeaXo

មតិយោបល់