កណ្តាលៈ ជនសង្ស័យចំនួន៣នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពីបទ រក្សាទុកចាត់ចែង ប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន។
ការចាប់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង១១និង២០នាទី ថ្ងៃត្រង់ទី២៥ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិស្ពានដែក ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល។
ជនសង្ស័យដែលឃាត់ខ្លួនបានទី១មានឈ្មោះ ប៉ុន វាសនា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរកម្មករ ស្នាក់នៅចំណុចកើតហេតុ(អ្នករក្សាទុក និងចាត់ចែងប្រើប្រាស់) ។
ទី២-ឈ្មោះ តេង វិស្សុត (ហៅសិដ្ឋ) ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកសិករ ស្នាក់នៅក្នុងភូមិឃុំកើតហេតុជាមួយគ្នា (ប្រើប្រាស់) និងជនសង្ស័យទី៣ឈ្មោះ វ៉ា ភ្លុង (ហៅថៃ) ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករ ស្នាក់នៅភូមិឃុំកើតហេតុ (ប្រើប្រាស់)។
ក្នុងនោះសមត្ថកិច្ចធ្វើការដកហូតបាន ម៉្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀន១កញ្ចប់តូច ,កម្ទេចម៉្សៅក្រាម ពណ៌សថ្លា សង្ស័យជាសារធាតុញៀននៅសល់ពីការប្រើប្រាស់ (សល់បន្ដិច១កញ្ចប់តូច) ,សំបកថង់ប្លាស្ទិច (ថង់ទទេ)២ថង់តូច,ដែកកេះ ៧ និសម្ភារៈសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន។
មុននឹងឈានដល់ការចាប់ខ្លួនបានជនសង្ស័យខាងលើ កម្លាំងសមត្ថកិច្ចជំនាញបានទទួលព័ត៌មានថាមានមុខសញ្ញាប្រើប្រាស់ថ្នាំញៀនបានជួបជុំគ្នានៅផ្ទះ ឈ្មោះ ប៉ុន វាសនា ដែលជាមុខសញ្ញាសង្ស័យជាអ្នកចែកចាយថ្នាំញៀន ភ្លាមនោះកម្លាំងជំនាញ សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលព្រែកទន្លាប់ បានចុះដល់ចំណុចផ្ទះសង្ស័យ ប្រទះឃើញជនសង្ស័យទាំង៣នាក់កំពុងនៅលើផ្ទះនោះ បន្ទាប់មកកម្លាំងបានធ្វើការឆែកឆេររកឃើញវត្ថុតាងមួយចំនួនដូចបានរៀបរាប់ខាងលើ ភ្លាមនោះកម្លាំងបាននាំខ្លួនជនសង្ស័យទាំង៣នាក់មកអធិការដ្ឋានស្រុកដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់តែម្តង៕
មតិយោបល់